ខេត្តពោធិ៍សាត់៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំអូរតាប៉ោង ស្រុកបាកាន បានរៀបចំធ្វើពិធីបុណ្យកតញ្ញូរួមគ្នា ជូនដល់លោកយាយលោកតា ចាស់ព្រឹទ្ធីចារ្យ មានអាយុចាប់ពី៧០ឆ្នាំឡើងប្រមាណ៧៥០នាក់ ។ ពិធីបុណ្យនេះត្រូវបានរៀបចំធ្វើនៅក្នុងបរិវេណ វត្តស្រះម្កាក់ ស្ថិតក្នុងឃុំអូរតាប៉ោង ស្រុកបាកាន ក្រោមអធិបតីភាព ឯកឧត្តម ទី នរិន្ទ ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន និងដោយមានការចូលរួមពីកូនចៅសាច់ញាតិអមដំណើរលោកយាយលោកតាចាស់ព្រឹទ្ធីចារ្យ និងសមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ-ឃុំ សរុបអ្នកចូលរួមទាំងអស់ប្រមាណជិត១៥០០នាក់ ។

ឯកឧត្ដម ជៀប សួរ ប្រធានក្រុមការងារចុះជួយឃុំអូរតាប៉ោង បានឲ្យដឹងថាលោកយាយលោកតាចាស់ព្រឹទ្ធាចារ្យមានអាយុចាប់ពី៧០ឆ្នាំឡើង ដែលបានអញ្ជើញចូលរួមក្នុងពិធីបុណ្យនេះ គឺមកពីតាមបណ្តាភូមិទាំង១៨ក្នុងឃុំអូរតាប៉ោង ហើយពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងស្របតាមបែបបទព្រះពុទ្ធសាសនា និងប្រពៃណីខ្មែរ ដោយមានការនិមន្តព្រះសង្ឃធ្វើកិច្ចកតញ្ញូ កត្តវេទី រវាងកូនចៅ និងលោកយាយលោកតាចាស់ព្រឹទ្ធីចារ្យ ហើយព្រះសង្ឃធ្វើពិធីប្រោះព្រំ។ ក្នុងនោះដែរក្រុមការងារចុះជួយមូលដ្ឋានឃុំអូរតាប៉ោង ក៏បានរៀបចំជាថវិកា និងសម្ភារៈរួមមាន ខោអាវសម្រាប់មនុស្សចាស់ ស្បែកជើង នំបង្អែម ទឹកក្រូច ទឹកសុទ្ធ ព្រមទាំងបានផ្តិតរូបថតដាក់ស៊ុម ដើម្បីឲ្យកូនចៅ ជូនដល់លោកយាយលោកតាចាស់ព្រឹទ្ធីចារ្យទាំង៧៥០នាក់ផងដែរ ។

ក្នុងឱកាសនោះ ឯកឧត្តម ទី នរិន្ទ មានប្រសាសន៍លើកឡើងថា ការរៀបចំពិធីបុណ្យ កត្តញ្ញុរួមគ្នា ជូនដល់លោកយាយលោកតា ចាស់ព្រឹទ្ធីចារ្យ ដែលមានអាយុចាប់ពី៧០ឆ្នាំឡើងក្នុងពេលនេះគឺ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ។ ក្នុងគោលបំណង គឺដើម្បីជាការដឹងគុណចំពោះចាស់ព្រឹទ្ធាចារ្យ ដែលជាធនធានមនុស្សដ៏មានតម្លៃ ដោយបានផ្តល់ដំបូន្មានមានល្អៗ និងសំបូរទៅដោយបទពិសោធន៍ព្រមទាំងស្នាដៃរាប់មិនអស់ក្នុងសង្គម ដល់កូនចៅគ្រប់ជំនាន់ ជាពិសេសកម្មវិធីបុណ្យនេះ ជាសារក្រើនរំលឹកដល់កូនចៅ និងយុវជនជំនាន់ក្រោយឲ្យយល់ច្បាស់ពីគុណមាតាបិតា កុំឲ្យភ្លើតភ្លើនរមិលគុណមាតាបិតាដែលជាព្រះរស់ ហើយជាការចូលរួមថែរក្សាការពារនូវតម្លៃប្រពៃណីវប្បធម៌ខ្មែរពីបុរាណដល់កូនចៅជំនាន់ក្រោយៗ ជាពិសេសគឺកំឡុងពេលរដូវចូលឆ្នាំខ្មែរ ។ ឯកឧត្តម ទី នរិន្ទ បានបន្តថាប្រសិនបើបងប្អូនប្រជាពលរដ្ឋក្នុងឃុំអូរតាប៉ោង មានការគ្រាំទ្រក្រុមការងារនឹងរៀបចំពិធីបុណ្យនេះនៅឆ្នាំក្រោយៗទៀត៕ អត្ថបទ និង រូបភាព ៖ ភិរុណ ពៅ







