មនុស្សរាប់ម៉ឺននាក់បានធ្វើបាតុកម្មនៅទីក្រុងហ្ស៉េរុយសាឡឹម(Jerusalem)កាលពីថ្ងៃចន្ទទី១ មេសា នៅក្នុងការតវ៉ាលើកទីពីររយៈពេលបីថ្ងៃប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ព្រមទាំងប្រឆាំងនឹងការលើកលែងដល់បុរសជ្វីហ្វជ្រុលនិយមអូសតូដុក (ultra-Orthodox Jewish) ពីការចូលបម្រើយោធា។

ក្រុមបាតុករ រួមទាំងក្រុមមួយចំនួនដឹកនាំក្បួនបាតុកម្មដ៏ធំ ដែលបានធ្វើឲ្យកក្រើកប្រទេសអ៊ីស្រាអែល កាលពីឆ្នាំ ២០២៣ កន្លងទៅ បានរៀបចំការប្រមូលផ្តុំនៅខាងក្រៅសភា (Knesset) ដោយអំពាវនាវឱ្យមានការបោះឆ្នោតជាថ្មី ដើម្បីជំនួសរដ្ឋាភិបាលបច្ចុប្បន្ន។

ក្រុមអ្នកតវ៉ាក៏ចង់បានការស្មើគ្នាភាពគ្នាបន្ថែមទៀតនៅក្នុងបន្ទុកនៃការបម្រើកងទ័ពដែលចងជនជាតិអ៊ីស្រាអែលភាគច្រើន។
សារព័ត៌មាន N12 របស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យបាននិយាយថា បាតុកម្មថ្ងៃដំបូងទំនងជាការតវ៉ាជាសាធារណៈដ៏ធំបំផុតចាប់តាំងពីសង្គ្រាមនៅក្នុងដែនដីហ្កាហ្សាបានចាប់ផ្តើម។ គេហទំព័រព័ត៌មាន ហាហ្សាតស៍ (Haaretz) និង យីណេត (Ynet) បាននិយាយថា ការតវ៉ានេះ បានទាក់ទាញមនុស្សរាប់ម៉ឺននាក់ចូលរួម។

ខុទ្ទកាល័យរបស់លោក Netanyahu បានប្រឈមការរិះគន់យ៉ាងខ្លាំងជុំវិញការបរាជ័យផ្នែកសន្តិសុខដែលនាំឲ្យមានការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល សម្លាប់មនុស្ស ចំនួន ១.២០០ នាក់ និងជាង ២៥០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងចូលទៅកាន់តំបន់ហ្កាហ្សា កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ កន្លងទៅ៕