ការវាយប្រហារលើស្ថានកុងស៊ុលអ៊ីរ៉ង់នៅទីក្រុងដាម៉ាសកាលពីថ្ងៃចន្ទ អាចជាការកើនឡើងដ៏គ្រោះថ្នាក់បំផុត នៅខាងក្រៅតំបន់ហ្កាហ្សា ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមហាម៉ាស-អ៊ីស្រាអែលជិត៦ខែកន្លងទៅ។

ប្រទេសស៊ីរីនិងអ៊ីរ៉ង់ បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការវាយប្រហារតាមអាកាសដែលបានបំផ្លាញអគារកុងស៊ុល ដោយបានសម្លាប់លោក ម៉ូហាម៉េដ រីហ្សា រ៉ាហ៊ីឌី (Mohammed Reza Zahedi) មេបញ្ជាការកំពូលនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) និងមន្ត្រីមួយចំនួនទៀត រួមទាំងមេបញ្ជាការជាន់ខ្ពស់ម្នាក់ទៀតគឺ លោកម៉ូហាម៉េដ ហាឌី ហាជី រ៉ាហ៊ីមី (Mohammad Hadi Haji Rahimi)។ មន្ត្រីអ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយជុំវិញឧប្បត្តិហេតុនេះទេ។
ការវាយប្រហារនេះ គឺជាការវាយប្រហារចុងក្រោយបង្អស់របស់អ៊ីស្រាអែលនាពេលថ្មីៗនេះ នៅក្នុងប្រទេសស៊ីរីដែលសំដៅទៅលើក្រុមIRGC និងក្រុមសកម្មប្រយុទ្ធលីបង់ហេសបូឡា(Hezbollah) ដែលគាំទ្រដោយអ៊ីរ៉ង់ ។ រហូតមកដល់ពេលនេះ ការវាយប្រហារ មិនបានបង្កឲ្យមានការឆ្លើយតបនៅខាងក្រៅផ្នែកនៃការប៉ះទង្គិចគ្នារយៈពេលជាច្រើនខែ នៅតាមព្រំដែនរបស់អ៊ីស្រាអែលជាមួយប្រទេសលីបង់នោះទេ ទោះបីជាមានការគំរាមកំហែងម្តងហើយម្តងទៀតពីប្រទេសអ៊ីរ៉ង់ និងថ្នាក់ដឹកនាំរបស់ក្រុមហេសបូឡា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលក៏ដោយ។
ទោះយ៉ាងណាក៏ដោយ ឧប្បត្តិហេតុកាលពីថ្ងៃចន្ទ អាចជារឿងយកមកធ្វើជាលេសចុងក្រោយ។
តាមលក្ខណៈបច្ចេកទេស ស្ថានកុងស៊ុលរបស់អ៊ីរ៉ង់ គឺជាទឹកដីអធិបតេយ្យភាពរបស់អ៊ីរ៉ង់ ដែលធ្វើឲ្យវាក្លាយជាការវាយប្រហារខ្លាំងបំផុតលើទឹកដីអ៊ីរ៉ង់ ក្នុងរយៈពេលជាច្រើនឆ្នាំ ហើយលោកហ្សាហ៊ីឌី គឺជាគោលដៅដ៏សំខាន់បំផុត ចាប់តាំងពីអតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ( Donald Trump) បានបញ្ជាឲ្យសម្លាប់លោកឧត្តមសេនីយ៍ កាសែម សូឡេម៉ានី ( Qassem Soleimani) របស់ IRGC នៅទីក្រុងបាកដាដក្នុងខែមករា ឆ្នាំ២០២០។