ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសស៊ីរី លោក ហូសេន អាកបារី (Hossein Akbari) បានសន្យាថា អ៊ីរ៉ង់នឹងឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើស្ថានទូតអ៊ីរ៉ង់ក្នុងរដ្ឋធានី ដាម៉ាស នៃប្រទេសស៊ីរី កាលពីព្រឹកថ្ងៃចន្ទ (០១ មេសា) ជាមួយនឹងកម្លាំងស្មើគ្នាដូចដែលអីស្រាអែលបានប្រើ។

យន្តហោះចម្បាំងអ៊ីស្រាអែល ដែលត្រូវបានសង្ស័យ បានវាយប្រហារតាមអាកាសលើស្ថានទូតអ៊ីរ៉ង់ ក្នុងប្រទេសស៊ីរី កាលពីថ្ងៃចន្ទ នៅក្នុងការវាយប្រហារដែលអ៊ីរ៉ង់បាននិយាយថា បានសម្លាប់ទីប្រឹក្សាយោធារបស់ខ្លួនចំនួន៧ នាក់ ដែលរួមមានមេបញ្ជាការជាន់ខ្ពស់បីនាក់ ហើយនោះបានក្លាយជាការកើនឡើងដ៏ធំនៅក្នុងសង្រ្គាមរបស់អ៊ីស្រាអែល ជាមួយសត្រូវក្នុងតំបន់។

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់រូបនេះបានចេញការព្រមានថា អ៊ីរ៉ង់នឹងមិនបណ្តោយឱ្យសកម្មភាពរបស់អ៊ីស្រាអែលប្រព្រឹត្តទៅដោយពុំមានចម្លើយតបឡើយ ហើយនឹងសងសឹកដោយកម្លាំងស្មើគ្នានេះ។ រដ្ឋមន្ត្រីការបរទេសស៊ីរី លោក ហ្វៃសាល ម៉េកដាដ (Faisal Mekdad) ដែលបានទៅដល់កន្លែងកើតហេតុ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលនោះ បានថ្កោលទោសឧបទ្ទវហេតុនេះថា ជារឿងអយុត្តិធម៌។

ក្រសួងការពារជាតិស៊ីរីបាននិយាយថា ការវាយប្រហារដោយមីស៊ីលនេះបានកើតឡើងនៅម៉ោងប្រហែល ៥:០០ ល្ងាច (ម៉ោងក្នុងស្រុក)។ អ៊ីស្រាអែល បានកំណត់គោលដៅជាយូរមកហើយលើការដំឡើងយោធារបស់អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី និងក្រុមប្រយុទ្ធតំណាងរបស់ខ្លួន ប៉ុន្តែការវាយប្រហារកាលពីថ្ងៃចន្ទនេះ គឺជាលើកដំបូងហើយដែលអ៊ីស្រាអែលវាយប្រហារបរិវេណស្ថានទូតអ៊ីរ៉ង់ដ៏ធំដោយផ្ទាល់បែបនេះ៕