មណ្ឌលគិរី៖ កូនដំរីញីមួយក្បាល ឈ្មោះជីពេជ្រ បានស្លាប់ដោយមិនដឹងមូលហេតុកាលពីម៉ោងប្រហែល១០យប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅក្នុងអូរពងប៉ះ ចំណុចអន្លង់កងត្រូម ចន្លោះភូមិពូត្រុំ និងស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

នាយកអង្គការELIE លោក ឃុន ឌីយ៉ូន បានប្រាប់នៅល្ងាចថ្ងៃទី០១មេសានេះថា សត្វដំរីឈ្មោះ ជីពេជ្រ ភេទញី អាយុ ២ឆ្នាំ និង២ថ្ងៃ ពុំទាន់ដឹងពីមូលហេតុនៃការស្លាប់ ហើយ នៅថ្ងៃទី២មេសានេះក្រុមបសុពេទ្យមកពីសួនសត្វភ្នំតាម៉ៅ នឹងពិនិត្យរកមូលហេតុនៃការស្លាប់។ បច្ចុប្បន្ន សពដំរីត្រូវបានដឹកមកដល់គម្រោង EVP របស់អង្គការ ELIE នៅក្នុងភូមិពូត្រុំ ដែលហៅថាជ្រលងភ្នំដំរីរួចហើយ ។ ក្រោយគ្រូពេទ្យពិនិត្យសាកសពរួច អង្គការELIE នឹងធ្វើការបញ្ចុះសពកូនសត្វដំរីជីពេជ្រតាមប្រពៃណី ។
