យោងតាមឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក បាននិយាយថា នាវា ថាក់បូត គ្រីស្តាល់ ខូសថ៍(Tugboat Crystal Coast) ដែលមានផ្ទុកប្រេង គឺជានាវាដំបូងគេ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវទន្លេដែលទើបបង្កើតថ្មី ជាបណ្តោះអាសន្ន នៅទីក្រុង Baltimore បន្ទាប់ពីការបាក់រលំស្ពាន Key Bridge ។ នាវានេះ ធ្វើដំណើរទៅកាន់មូលដ្ឋានទ័ពអាកាស Dover ដោយមានផ្ទុកប្រេងឥន្ធនៈ។

ផ្លូវឆ្លងកាត់គ្រាអាសន្ន មានទទឹង ២៦៤ ហ្វីត និងជម្រៅ ១១ហ្វីត ត្រូវបានសម្អាតកាលពីថ្ងៃចន្ទ ដើម្បីអនុញ្ញាតឱ្យនាវាសំខាន់ៗឆ្លងកាត់តាមដងទន្លេ Patapsco ជុំវិញបំណែកបាក់បែកនៅកន្លែងគ្រោះមហន្តរាយស្ពានបាក់។
ផ្លូវទឹកជម្រៅ១៥ហ្វីត ទីពីរ ត្រូវបានគេរំពឹងថានឹងបើកក្នុងពេលឆាប់ៗនេះដើម្បីអនុញ្ញាតឱ្យនាវាសមុទ្រចូលទៅកាន់កំពង់ផែ Baltimore រួមជាមួយនឹងផ្លូវទឹកទីបីដែលមានជម្រៅកាន់តែជ្រៅជាងនេះ។

អភិបាលរដ្ឋ លោក Wes Moore បាននិយាយកាលពីថ្ងៃច័ន្ទថា ថ្ងៃនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរការនៃការចាប់ផ្តើមទាញយកបំណែកស្ពានចេញ ដោយចាប់ផ្តើមបើកបណ្តាញផ្លូវទឹក។

លោក ដាវីដ អូ ខន់នែល (David O'Connell) ប្រធានក្រុមឆ្មាំល្បាតឆ្នេរអាមេរិក ដែលជាអ្នកសម្របសម្រួលនៅកន្លែងកើតហេតុរបស់សហព័ន្ធ ទទួលបន្ទុកការឆ្លើយតបរួមចំពោះការបាក់ស្ពាន បាននិយាយនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយប្រព័ន្ធផ្សព្វផ្សាយ CBS News ថា បណ្តាញផ្លូវទឹកជំនួយត្រូវបានគ្រោងនឹងបើកនៅតាមបណ្តោយភាគឦសាននៃផ្លូវទឹក និងមួយខ្សែទៀតនឹងដំណើរការតាម បណ្តោយភាគខាងត្បូង។