សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជា គឺជាដៃគូដ៏រស់រវើក និងដ៏ទាក់ទាញក្នុងសហគមន៍អាស៊ាន ខណៈកម្ពុជាគឺជាទីតាំងប្រកបដោយឧត្តមភាពផ្តល់នូវការតភ្ជាប់ដោយរលូននៅទូទាំងតំបន់ និងបង្កើតឱ្យមានប្រព័ន្ធអេកូឡូស៊ី នៃកិច្ចសហការ ដែលផ្ដោតលើការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងសុខុមាលភាពរួមក្នុងតំបន់ជាពិសេសសម្រាប់ការវិនិយោគ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសចូលរួមជាអធីបតី ពិធី «បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤» នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា។
សម្ដេចធិបតីបានថ្លែថាកម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរ គួរឱ្យកត់សម្គាល់ដោយបានវិវត្តទៅជាសេដ្ឋកិច្ចទំនើប ដែលមានសមារណកម្ម ក្នុងសេដ្ឋកិច្ចសកល។ សម្ដេចបន្តថា សេដ្ឋកិច្ចកម្ពុជាក៏បានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់។ មុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩កម្ពុជារក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចជាមធ្យមលើសពី ៧% ក្នុងមួយឆ្នាំសម្រាប់រយៈពេល២ទសវត្សរ៍។

សម្ដេចបញ្ជាក់ថា ទោះបីមានការបន្ទច់បង្អាក់នាពេលថ្មីៗនេះក៏ដោយ ប៉ុន្ដែសេដ្ឋកិច្ចកម្ពុជាក៏បានស្ទុះងើបឡើងវិញ ជាមួយនឹងអត្រាកំណើន ៥,៦% ក្នុងឆ្នាំ ២០២៣ និងត្រូវបានព្យាករថានឹងមានកំណើន ៦,៦% ក្នុងឆ្នាំ២០២៤ ហើយនឹងអាចត្រលប់ទៅរកអត្រាកំណើនមុនជំងឺរាតត្បាតក្នុងរង្វង់៧%ក្នុងឆ្នាំ២០២៨ ដែលការណ៍នេះបង្ហាញអំពីអនាគតសេដ្ឋកិច្ចប្រកបដោយក្តីសង្ឃឹមរបស់កម្ពុជា។

ក្នុងឱកាសនោះសម្ដេចធិបតី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការអនុវត្ត «យុទ្ធសាស្ត្រប្រទេសបូក» (Plus-One Strategy) តាមរយៈការទាក់ទាញការវិនិយោគ ជាពិសេសក្នុងឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាមធ្យមឱ្យមកសាងសង់រោងចក្រនៅកម្ពុជា ដើម្បីផ្គត់ផ្គង់គ្រឿងបន្លាស់ឬផលិតផលពាក់កណ្តាលសម្រេចទៅឱ្យរោងចក្រធំៗនៅក្នុងប្រទេសជិតខាងក្នុងតំបន់អាស៊ាន។ ហើយកម្ពុជាក៏បានអនុម័តច្បាប់ថ្មីស្តីពីការវិនិយោគ ដើម្បីផ្ដល់ជូនវិនិយោគិននូវសក្តានុពល និងឧត្តមភាពជាយុទ្ធសាស្ត្រ ដ៏គួរឱ្យទាក់ទាញ ជាមួយនឹងការលើកទឹកចិត្តជាច្រើនដល់គម្រោងវិនិយោគក្នុងវិស័យអាទិភាពសំខាន់ៗផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា
