ប្រទេសម៉ិកស៊ិក បានជម្លៀសប្រជាជនរបស់ខ្លួនចំនួន ៣៤ នាក់ ដែលមានបំណងចាកចេញពីប្រទេសហៃទី ខណៈអំពើហឹង្សារបស់ក្រុមជនអន្ធពាល បានរាលដាលនៅក្នុងប្រទេសតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ។

កងទ័ពជើងទឹកប្រទេសម៉ិកស៊ិក បានចែករំលែកវីដេអូបង្ហាញពីឧទ្ធម្ភាគចក្រ ចុះចតនៅចំណតឧទ្ធម្ភាគចក្ររបស់ស្ថានទូតសាធារណរដ្ឋដូមីនីក ក្នុងទីក្រុង ព័រ អូប្រាំង ដើម្បីទទួលយកប្រជាជនម៉ិកស៊ិក ដែលរួមមានអនីតិជន៧នាក់។

ឧទ្ធម្ភាគចក្រ បាននាំយកអ្នកជម្លៀសខ្លួនទៅកាន់នាវាមួយគ្រឿងរបស់កងទ័ពជើងទឹក ដែលដឹកជនជាតិរបស់ខ្លួនត្រឡប់ទៅប្រទេសម៉ិកស៊ិកវិញ។
រដ្ឋាភិបាលប្រទេសម៉ិកស៊ិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការពិសេសនេះត្រូវបានដាក់ពង្រាយ ដោយសារតែអាកាសយានដ្ឋានអន្តរជាតិ របស់ប្រទេសហៃទីត្រូវបានគ្រប់គ្រងដោយខុសច្បាប់ ដោយក្រុមប្រដាប់អាវុធ។
ការចាកចេញរបស់ជនជាតិបរទេសពីប្រទេសហៃទី បានកើនឡើងនាពេលថ្មីៗនេះ ខណៈអនាគតនយោបាយរបស់ប្រទេសនេះ ស្ថិតក្នុងភាពមិនប្រាកដប្រជា ដោយក្រុមជនអន្ធពាលប្រដាប់អាវុធ បានពង្រីកការគ្រប់គ្រងរបស់ពួកគេនៅរដ្ឋធានី និងនៅតំបន់ដាច់ឆ្ងាយបន្ថែមទៀត។
ជម្លោះនេះ បានសម្លាប់មនុស្សរាប់ពាន់នាក់ និងរាប់សែននាក់បានភៀសខ្លួន ហើយការវាយប្រហារជាបន្តបន្ទាប់ រួមមានទាំង ការវាយឆ្មក់ទៅលើប៉ុស្តិ៍នគរបាល និងអាកាសយានដ្ឋានអន្តរជាតិ នាំឱ្យមានការផ្អាកជើងហោះហើរពាណិជ្ជកម្មជាច្រើនជើង។