បាល់ទាត់៖ ខ្សែបម្រើបារាំង Paul Pogba ខិតជិតឈានដល់កិច្ចព្រមព្រៀងហើយក្នុងការផ្ទេរពីក្រុមបិសាចក្រហម Manchester United នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានដែលទុកចិត្តបាននៅប្រទេសបារាំង L’Equipe។

សារព័ត៌មានដដែលបានបន្តថា ការចរចារវាងអ្នកតំណាង Pogba និងក្លិប PSG ត្រូវរ៉ូវគ្នាហើយ ខណៈកិច្ចព្រមព្រៀងក៏ជិតឈានចូលមកដល់ដែរ។ ជាមួយនឹងការចរចានេះដែរប្រសិនការផ្ទេរបានសំរេច មានន័យថាកីឡាករវ័យ ២៨ឆ្នាំរូបនេះនឹងក្លាយជាកីឡាករទី៣ ដែលមានថ្លៃពលកម្មខ្ពស់បំផុតទី៣ បន្ទាប់ពី Neymar និង Mbappe។ យ៉ាងណាក្តីបញ្ហានោះគឺនៅនឹងតំលៃផ្ទេរដោយ PSG បានដាក់តំលៃទិញ Pogba ពី Manchester United ៥០លានផោនដែលនៅសល់កិច្ចសន្យាមួយឆ្នាំជាមួយក្លិប តែក្លិបនៅទីក្រុង Manchester មួយនេះចង់បានក្នុងរង្វង់ ៧០ ទៅ ៨០លានផោន។ រំលឹកថា Paul Pogba បានមកកាន់ក្រុមបិសាចក្រហមវិញកាលពីឆ្នាំ២០១៦ ក្នុងតំលៃ ៨៩.៣លានផោន បង្ហាញខ្លួនសរុបបាន ១៣៤ប្រកួតរកបាន ២៨គ្រាប់៕
អត្ថបទ៖នាង សុភាវុធ