សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បានអនុញ្ញាតអោយ ឯកឧត្តម អូអីណូ អាហ្សឹហ្ស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ចូលសម្តែងការគួរសម និងពិភាក្សាការងារនៅវិមាន ៧មករា រាជធានីភ្នំពេញ។

ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងមានសេចក្តីរីករាយយ៉ាងខ្លាំងដែលសម្តេចតេជោ បានឆ្លៀតឱកាសដ៏មមាញឹកអនុញ្ញាតអោយ ឯកឧត្តម បានជួបសម្តែងការគួរសមនៅពេលនេះ ហើយសង្ឃឹមថានឹងបានជួបជាមួយ សម្តេចតេជោ ជាបន្តបន្ទាប់ទៀតនៅពេលសម្តេចតេជោ ធ្វើជាប្រធានព្រឹទ្ធសភា។

ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានអបអរសាទរចំពោះ សម្តេចតេជោ ដែលនឹងត្រូវក្លាយជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃស្អែកនេះ ហើយសង្ឃឹមថាទំនាក់ទំនងរវាងជប៉ុន និងកម្ពុជានឹងត្រូវបានពង្រឹងពង្រីកថែមទៀតទាំងក្របខណ្ឌសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្តេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមឯកអគ្គរាជទូត ដែលបានឆ្លៀតពេលជួប សម្តេច មុនពេលដែលសម្តេចក្លាយជាប្រធានព្រឹទ្ធសភា។ ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន ដែលបានសម្របសម្រួលរៀបចំបានយ៉ាងល្អជូនចំពោះ សម្តេច នៅពេលដែល សម្តេច បានអញ្ជើញទៅពិនិត្យកែវភ្នែកនៅប្រទេសជប៉ុន កាលពីដើមឆ្នាំ២០២៤កន្លងទៅ។ អរគុណជប៉ុន ដែលបានរៀបចំអោយ សម្តេច ជួបមិត្តភក្តិទាំងឡាយ ជាពិសេសអរគុណចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ៊ីមីអូ ដែលបានទទួលជួប សម្តេច ទោះបីជា សម្តេច មិនមានតួនាទីជានាយករដ្ឋមន្រ្តីក៏ដោយ។
សម្តេចតេជោ បានគូសបញ្ជាក់ថា នៅពេលដែល សម្តេច ធ្វើជាប្រធានព្រឹទ្ធសភា សម្តេច នឹងបន្តពង្រឹងពង្រីកទំនាក់ទំនងជាមួយជប៉ុនអោយកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសស្ថាប័នសភា ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។

ជាចុងបញ្ចប់ សម្តេចតេជោ តាមរយៈឯកឧត្តមឯកអគ្គរាជទូតជប៉ុន សូមផ្តាំផ្ញើការសួរសុខទុក្ខរបស់សម្តេច ជូនចំពោះឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វីមីអូ និងបានជូនពរដល់ ឯកឧត្តមឯកអគ្គរាជទូតសូមអោយមានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕
