អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា អង្គការសហប្រជាជាតិ កំពុងរៀបចំបេសកកម្មទៅកាន់មន្ទីរពេទ្យ Al Shifa ក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីការដកខ្លួនរបស់កងទ័ពអ៊ីស្រាអែលចេញពីបរិវេណនេះ។ លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា យើងកំពុងរៀបចំផែនការបេសកកម្មទៅកាន់មន្ទីរពេទ្យនេះឱ្យបានឆាប់តាមដែលយើងអាចធ្វើទៅបាន ដើម្បីជួយប្រជាជនឱ្យទទួលបានការយកចិត្តទុកដាក់ផ្នែកវេជ្ជសាស្ត្រ និងដើម្បីវាយតម្លៃស្ថានភាពមន្ទីរពេទ្យ។ បេសកកម្មនេះ ធ្វើឡើងខណៈយើងបានឃើញរបាយការណ៍ថា កងកម្លាំងការពារជាតិអ៊ីស្រាអែលចាកចេញពីបរិវេណមន្ទីរពេទ្យAl Shifa ។

អ្នកនាំពាក្យរូបនេះ បាននិយាយថា អង្គការសុខភាពពិភពលោក (WHO) កំពុងរង់ចាំការកាត់បន្ថយជម្លោះ និងការធានាបានសុវត្ថិភាពសមស្របពីរដ្ឋាភិបាលអ៊ីស្រាអែល។

ទន្ទឹមនឹងនេះ នៅមន្ទីរពេទ្យ Al Aqsa តំបន់ហ្កាហ្សាភាគកណ្តាល ក្រុមអង្គការសុខភាពពិភពលោក កំពុងបំពេញបេសកកម្មមនុស្សធម៌នៅទីនោះ នៅពេលដែលជំរំតង់មួយកន្លែងនៅក្នុងបរិវេណមន្ទីរពេទ្យ ត្រូវបានវាយប្រហារដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ មនុស្ស៤នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ និង១៧នាក់ផ្សេងទៀតរងរបួស ។
លោក Dujarric និយាយថា ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយថា ពុំមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ចំពោះបរិមាណនៃការផ្គត់ផ្គង់ជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្កាហ្សា ឬដំណើរការប្រសើរឡើងសម្រាប់ការចូលទៅកាន់ភាគខាងជើងឡើយ ។
ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែមីនា រថយន្តដឹកជំនួយចំនួន ១៥៩គ្រឿងជាមធ្យម បានឆ្លងកាត់តំបន់ហ្កាហ្សាក្នុងមួយថ្ងៃ។ ចំនួនច្រើនបំផុត គឺកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលរថយន្តដឹកជំនួយ ២៦៤គ្រឿង បានចូលទៅក្នុងតំបន់ហ្កាហ្សា។ លោកបាននិយាយបន្តថា នេះនៅតែមានកម្រិតទាបជាងគោលដៅប្រតិបត្តិការ នៃរថយន្តដឹកជំនួយចំនួន ៥០០ គ្រឿងក្នុងមួយថ្ងៃ។