ប្រទេសជប៉ុន បាននិយាយនៅថ្ងៃអង្គារ (០២ មេសា) នេះថា ខ្លួននឹងលុបចោលការផ្អាកផ្តល់មូលនិធិដល់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) ខណៈដែលស្ថាប័នផ្តល់ជំនួយនេះកំពុងធ្វើការដើម្បីទទួលបានការជឿទុកចិត្តឡើងវិញ បន្ទាប់ពីការចោទប្រកាន់ថាបុគ្គលិករបស់ខ្លួនមួយចំនួនបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា លើអ៊ីស្រាអែល។

ប្រទេសជប៉ុន ដែលជាម្ចាស់ជំនួយធំជាងគេទីប្រាំមួយដល់ទីភ្នាក់ងារនេះ និងប្រទេសចំនួន ១៥ ផ្សេងទៀត បានផ្អាកការផ្តល់មូលនិធិប្រហែល ៤៥០ លានដុល្លារ បន្ទាប់ពីការចោទប្រកាន់របស់អ៊ីស្រាអែល កាលពីខែមករា ដោយបានធ្វើឱ្យប្រតិបត្តិការរបស់ទីភ្នាក់ងារនេះនៅតំបន់ហ្កាហ្សាស្ទ្រីប ដែលហែកហួរដោយសង្រ្គាម។

ក្រោយមក បណ្តាប្រទេសរួមទាំងអូស្ត្រាលី និងកាណាដា បានស្ដារមូលនិធិឡើងវិញដល់ទីភ្នាក់ងារ UNRWA ដែលជាស្ថាប័នសង្គ្រោះដ៏ធំបំផុតកំពុងប្រតិបត្តិការនៅតំបន់ហ្កាហ្សា ដែលត្រូវបានឡោមព័ទ្ធដោយអ៊ីស្រាអែលចាប់តាំងពីការវាយប្រហារ។

រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី យ៉ូកុ ខាមីកាវ៉ា (Yoko Kamikawa) ដែលបានជួបជាមួយប្រធាន UNRWA លោក ហ្វីលីប ឡាហ្សារីនី (Philippe Lazzarini) នៅទីក្រុងតូក្យូ កាលពីសប្តាហ៍មុន បាននិយាយថា តួនាទីរបស់ទីភ្នាក់ងារនេះក្នុងការដោះស្រាយវិបត្តិតំបន់ហ្កាហ្សា គឺ «មិនអាចខ្វះបានឡើយ» ទោះបីជាកំពុងស្ថិតក្រោមការកែលម្អអភិបាលកិច្ច និងគ្រប់គ្រងហានិភ័យក៏ដោយ៕