ប្រទេសហ្វីលីពីន នៅថ្ងៃអង្គារ (០២ មេសា) នេះបាននិយាយថា ទីប្រឹក្សាសន្តិសុខជាតិរបស់ខ្លួន និងសមភាគីសហរដ្ឋអាមេរិក បានពិភាក្សាអំពីសកម្មភាពបង្ខិតបង្ខំ ឈ្លានពាន និងបោកបញ្ឆោតរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង។

ហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក អេដ័រដូ អាណូ (Eduardo Ano) «បានសម្តែងការកោតសរសើររបស់ខ្លួន ចំពោះការបន្តគាំទ្ររបស់សហរដ្ឋអាមេរិក និងការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួន» ចំពោះសម្ព័ន្ធមិត្តរបស់ពួកគេ។
ការពិភាក្សានេះកើតឡើងបន្ទាប់ពីការប៉ះទង្គិចចុងក្រោយបំផុតរវាងចិន និងហ្វីលីពីន កាលពីខែមុន នៅពេលដែលប្រទេសចិន បានប្រើប្រាស់កាណុងបាញ់ទឹកដើម្បីរំខានដល់បេសកកម្មផ្គត់ផ្គង់ហ្វីលីពីនទៅកាន់ដែនទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) សម្រាប់ទាហានយាមនាវាចម្បាំង ដែលមានចេតនាដាក់នៅលើតំបន់ថ្មប៉ប្រះទឹកនោះកាលពី ២៥ ឆ្នាំមុន។

ប្រទេសហ្វីលីពីន មានការខឹងសម្បារចំពោះអ្វីដែលខ្លួនហៅថា អរិភាពម្តងហើយម្តងទៀតដោយនាវាចិនជុំវិញដែនទឹកពិសេសដែលមានជម្លោះ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខចម្ងាយជាង ៣០០ គីឡូម៉ែត្ររបស់ទីក្រុងម៉ានីល។ ភាពយ៉ាប់យ៉ឺនក្នុងទំនាក់ទំនងជាមួយចិន កើតឡើងនៅពេលដែលលោកប្រធានាធិបតីហ្វីលីពីន ម៉ាកូស ស្វះស្វែងរកការពង្រឹងទំនាក់ទំនងផ្នែកការពារជាតិជាមួយសហរដ្ឋអាមេរិក៕