ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា នៅថ្ងៃទី១ ខែមេសាកន្លងទៅ ដឹកនាំដោយ ឯកឧត្តម ឈើតគៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ព្រមជាមួយមន្ត្រីរាជការនៃស្ថានទូត និងវិស័យឯកជនថៃនៅកម្ពុជាជាង ២០ក្រុមហ៊ុន ធ្វើដំណើរទស្សនកិច្ចខេត្តក្រចេះជាផ្លូវការ ដើម្បីធ្វើការសិក្សាស្វែងយល់ពីឱកាសធ្វើធុរកិច្ច វិនិយោគ និងតំណរភ្ជាប់តំបន់សេដ្ឋកិច្ចថ្មី រវាងថៃ - កម្ពុជា ដោយប្តេជ្ញាចិត្តនៅក្នុងការបង្កើនផលប្រយោជន៍សេដ្ឋកិច្ចរវាងគ្នានឹងគ្នាឲ្យកាន់តែច្រើនឡើងថែមទៀត ជាពិសេសការបង្កើននូវទំហំការធ្វើពាណិជ្ជកម្មនិងវិនិយោគ និងការជំរុញគាំទ្រវិស័យឧស្សាហកម្មរបស់ប្រទេសទាំងពីរអាចតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់បញ្ជូលគ្នា និងពង្រីកនូវឱកាសនៃតំណរភ្ជាប់ទៅកាន់ប្រទេសនៅក្នុងតំបន់។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានសសេរថា គណៈប្រតិភូដែលជាតំណាងរបស់រដ្ឋនិងឯកជនរបស់ថៃ បានធ្វើដំណើរទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសខេត្តក្រចេះ (UBE Snoul Special Economic Zone) និងបានស្តាប់អំពីការធ្វើបទបង្ហាញ ដោយលោក Hean Sopauline, Director of SEZ Operation And Management Department of CDC ដែលបានធ្វើការអត្ថាអធិប្បាយអំពីសក្តានុពលរបស់តំបន់សេដ្ឋកិច្ចពិសេសថ្មីនៅក្នុងខេត្តក្រចេះ និងឱកាសនៅក្នុងការវិនិយោគនៅក្នុងខេត្តដែលមានសក្តានុពលក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដោយបច្ចុប្បន្ននេះមានរោងចក្រកែច្នៃកៅស៊ូ និងរោងចក្រឧស្សាហកម្មបានបង្កើតជាបន្តបន្ទាប់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះផងដែរ។

ក្រៅពីនេះ ឯកឧត្តម ហេង សុថា អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ ក៏បានទទួលស្វាគមន៍ នឹងអមដំណើរប្រតិភូទស្សនកិច្ចច្រកទ្វារអន្តរជាតិត្រពាំងស្រែ (កម្ពុជា - វៀតណាម) (Tropeang Srea International Border Check Point) ដែលបានបង្ហាញអោយឃើញអំពីការតភ្ជាប់គ្នារវាងកម្ពុជា និងវៀតណាម រួមទាំងឱកាសរបស់ថៃនៅក្នុងការដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែទឹកជ្រៅទីក្រុងហូជិមិញបានយ៉ាងស្រួលទៀតផង។

ប្រភពដដែល បានបន្តទៀតថា សកម្មភាពទាំងអស់ខាងលើជាចំណែកមួយនៃភារកិច្ចការទូតសេដ្ឋកិច្ចស្ទុះទៅមុខរបស់ស្ថានទូតថៃប្រចាំនៅកម្ពុជា ដែលការរៀបចំសកម្មភាពនៅក្នុងការស្វែងយល់ឱកាសសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការតភ្ជាប់រវាងថៃ និងកម្ពុជានេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ហើយដើរទន្ទឹមគ្នាជាមួយនឹងការរៀបចំកម្មវិធីសប្បុរសធម៌ដើម្បីជាចំណែកនៅក្នុងការអភិវឌ្ឍសង្គម និងសហគមន៍ (Corporate Social Responsibility: CSR) ដោយមានការសហការពីក្រុមហ៊ុនឯកជនថៃនៅកម្ពុជា ដោយនៅក្នុងឆ្នាំនេះធ្វើឡើងនៅក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ចន្លោះថ្ងៃទី១ ដល់ទី៣ ខែមេសា ឆ្នាំ២០២៤ ដោយមានគោលដៅធ្វើអោយប្រជាជននៃប្រទេសទាំងពីររីកចម្រើនទាំងផ្នែកសេដ្ឋកិច្ចនិងសង្គមព្រមៗគ្នា៕







