ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការ បានរៀបចំទិវា មនុស្សអូទីស្សឹម និងដោនស៊ីនដ្រូមលើកទី១១ ក្រោមប្រធានបទ «ជំរុញការធ្វើបរិយាបន្នសុខភាពមនុស្សអូទីស្សឹមនិងដោនស៊ីនដ្រូមប្រកបដោយសមធម៌»។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមវត្តមាន ឯកឧត្តម រដ្ឋមន្ត្រី ជា សុមេធី រួមទាំងវត្តមានរបស់ មនុស្សមានបញ្ហាអូទីស្សឹម និងដោនស៊ីនដ្រូម ក៏ដូចជាអាណាព្យាបាល និងវត្តមាន គ្រូបង្រៀនកុមារអូទីស្សឹម និងដោនស៊ីនដ្រូម ផងដែរនោះ បានរៀបចំទិវាមនុស្សអូទីស្សឹម និងដោនស៊ីនដ្រូមលើកទី១១ នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៤។ ទិវានេះធ្វើឡើងក្រោមប្រធានបទ“ជំរុញការធ្វើបរិយាបន្នសុខភាពមនុស្សអូទីស្សឹមនិងដោនស៊ីនដ្រូមប្រកបដោយសមធម៌”។
ឯកឧត្តម រដ្ឋមន្ត្រី ជា សុមេធី លើកឡើងថា ការប្រារព្ធទិវាមនុស្សអូទីស្សឹម និងដោនស៊ីនដ្រូមជារៀងរាល់ឆ្នាំនេះ ជាការលើកទឹកចិត្តដល់ជនខ្សោយសតិបញ្ញាគ្រប់រូប ក្រុមគ្រួសារ សហគមន៍ មនុស្សទូទៅ និងអ្នកពាក់ព័ន្ធនានា ឱ្យយល់ដឹងពីបញ្ហាអូទីស្សឹម និងដោនស៊ីនដ្រូម។ លើសពីនេះ គឺជំរុញការចូលរួមរបស់ពួកគេក្នុងសកម្មភាពសង្គមនានាផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ផ្អែកតាមកំណត់ត្រាវេជ្ជសាស្រ្ត អូទីស្សឹមគឺជាវិបត្តិមិនលូតលាស់នៃប្រព័ន្ធសរសៃប្រសាទដែលអាចសម្គាល់បាននៅពេលកុមារមានអាយុ៣ឆ្នាំ និងភាគច្រើនកើតលើមនុស្សប្រុសជាងមនុស្សស្រី រីឯដោនស៊ីនដ្រូម គឺជាវិបត្តិនៃការចម្លងក្រូម៉ូសូនទី២១ ដែលប៉ះពាល់ទៅលើរាងកាយ និងការវិវត្តិរបស់ខួរក្បាល។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអរគុណចំពោះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ មូលនិធិជនពិការ នាយកដ្ឋានសុខុមាលភាពជនពិការ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនានា ដែលតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល និងសហការគ្នាអនុវត្តការងារពាក់ព័ន្ធលើវិស័យពិការភាព ធ្វើឱ្យវិស័យនេះសម្រេចបាននូវសមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់។
ក្នុងពិធីដដែលនេះ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការស្តីទីក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងដែរថា មនុស្សអូទីស្សឹម និងដោនស៊ីនដ្រូម ត្រូវការជាចាំបាច់នូវឧបករណ៍ បច្ចេកវិទ្យាជំនួយដែលអាចជួយកាត់បន្ថយឬលុបបំបាត់ឧបសគ្គនៃការចូល រួមសកម្មភាពនានាក្នុងសង្គម ដោយឈរលើមូលដ្ឋានស្មើភាព។ ក្នុងន័យនេះការផ្តល់នូវឧបករណ៍ជំនួយបច្ចេកវិទ្យា ក៏ជាតម្រូវការអាទិភាពដើម្បីជំរុញឲ្យមនុស្សអូទីស្សឹម និងដោនស៊ីនដ្រូម ទទួលបានសិទ្ធិជាមូលដ្ឋានរួមមានសិទ្ធិក្នុងការរស់នៅ សិទ្ធិក្នុងការចូលរួម សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានមុខរបរការងារ។
សូមជម្រាបថា បច្ចុប្បន្នកម្ពុជា ក៏មានវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ជាសាលាដែលផ្ដល់ការបង្រៀនជាពិសេសសម្រាប់កុមារមានបញ្ហា អូទីស្សឹម និងដោនស៊ីនដ្រូមផងដែរ៕
អត្ថបទ៖ គឹមហុក