ត្បូងឃ្មុំ ៖ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង៧ ក្នុងស្រុកតំបែរ និងផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត និងគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម កេង ប៊ុណ្ណា អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ជាប្រធានគណៈប្រចាំការគណបក្សខេត្ត តំណាងឯកឧត្តម ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវជាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង៧ ក្នុងស្រុកតំបែរ។
ឯកឧត្តម ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ជូនអង្គពិធីទាំងមូលដោយក្តីនឹករលឹក ។
ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ក៏បានលើកទឹកចិត្ត និងជំរុញដល់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង៧ ក្នុងមូលដ្ឋានស្រុកតំបែរ ត្រូវយកចិត្តទុកដាក់បន្តខិតខំបម្រើសេវាជូនពលរដ្ឋឱ្យកាន់តែប្រសើរបន្ថែមទៀត តាមស្មារតីរបស់គណបក្ស ភូមិ ឃុំនីមួយៗ ត្រូវក្តាប់ជាប់ក្នុងការរៀបចំ រចនាសម្ព័ន្ធ គណៈកម្មាធិការគណបក្សឃុំ សាខាបក្សភូមិ និងក្រុមបក្សក្នុងភូមិនីមួយៗ ឱ្យបានច្បាស់លាស់ ដោយរៀបចំជាតារាងឱ្យបានត្រឹមត្រូវ គ្រប់គ្រងកែលម្អជួសជុល ផ្លាស់ប្តូរផ្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា ដោយដាក់រូបសម្តេចទាំង៣ នៅតាមមូលដ្ឋាន ស្នាក់ការគណបក្សឃុំ ទីប្រជុំជន តាមដងផ្លូវ និងតាមមុខផ្ទះសមាជិកបក្ស ឱ្យបានល្អប្រសើរ ស័ក្តសមជាគណបក្សគ្រប់គ្រងដឹកនាំប្រទេស។ ត្រូវពង្រឹងបន្ថែម នូវសមត្ថភាព ចំណេះដឹង ដល់មន្ត្រីគណបក្សឃុំ សាខាបក្សភូមិ និងយុវជនគណបក្ស ឱ្យស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (មនុស្ស ផ្លូវ ទឹកភ្លើង និងបច្ចេកវិទ្យា) ត្រូវក្តាប់ជាប់ស្ថានភាព ភូមិសាស្ត្រ ប្រជាជន និងមុខរបរសេដ្ឋកិច្ច ជីវភាព រស់នៅ និងតម្រូវការសេវាផ្សេងៗ បញ្ហាប្រឈមរបស់ប្រជាជន សមាជិកបក្ស ក្នុងឃុំ ភូមិ របស់ខ្លួន និងដោះស្រាយអោយចំគោលដៅ តាមលទ្ធភាពជាក់ស្តែង ក្នុងការងារចិញ្ចឹមចលនាមហាជនគណបក្ស ការងារអប់រំនយោបាយសតិអារម្មណ៍ ឱ្យបានជាប់ជាប្រចាំ លើកកម្ពស់ការអនុវត្តគោលនយោបាយរបស់គណបក្ស គឺរក្សាចាស់ បង្កើនថ្មី ជាពិសេសការពង្រីកសមាជិកបក្សថ្មី នៃយុវជនដែលមានអាយុគ្រប់១៨ឆ្នាំ ហើយត្រូវរក្សាឱ្យបាន គឺសមាជិកបក្សម្នាក់ គឺជាសម្លេងឆ្នោតគាំទ្រគណបក្ស ១សន្លឹក ឱ្យទទួលបានជោគជ័យគ្រប់អាណត្តិ ពិសេសការបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតសកលអាណត្តិទី៨ ឆ្នាំ២០២៨ ខាងមុខនេះ៕
អត្ថបទ៖ រដ្ឋា












