
សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសកាលពីថ្ងៃចន្ទ (ទី១ ខែមេសា) បានប្រកាសពីភាពជាដៃគូថ្មីស្ដីអំពីវិទ្យាសាស្ត្រសុវត្ថិភាពបញ្ញាសិប្បនិម្មិត (AI) ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីកំណែជំនាន់ក្រោយ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី Gina Raimondo និងរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាអង់គ្លេស លោកស្រី Michelle Donelan បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីរួមគ្នាបង្កើតការធ្វើតេស្តគំរូ AI កម្រិតខ្ពស់ បន្ទាប់ពីការប្តេជ្ញាចិត្តដែលបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលសុវត្ថិភាព AI នៅឧទ្យាន Bletchley Park ក្នុងខែវិច្ឆិកា។
លោកស្រី Raimondo បានថ្លែងថា៖«យើងទាំងអស់គ្នាដឹងថា AI គឺជាបច្ចេកវិទ្យាកំណត់ ចំពោះជំនាន់របស់យើង។ ភាពជាដៃគូនេះ នឹងពន្លឿនការងាររបស់វិទ្យាស្ថានទាំង២ ឲ្យរីកចម្រើនពេញលេញ ដើម្បីដោះស្រាយហានិភ័យនៃកង្វល់សន្តិសុខជាតិរបស់យើង និងកង្វល់នៃសង្គមទូទៅរបស់យើង»។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ស្ថិតក្នុងចំណោមប្រទេសដែលបង្កើតវិទ្យាស្ថានសុវត្ថិភាព AI ដែលដឹកនាំ ដោយរដ្ឋាភិបាល៕