
មេដំបែក្រហមផលិតដោយក្រុមហ៊ុនផលិតឱសថជប៉ុន Kobayashi Pharmaceutical ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងបញ្ហាសុខភាពមួយចំនួននោះ អាចប៉ះពាល់ដល់សហគ្រាសចំនួន ៣៣.០០០ នៅក្នុងប្រទេសជប៉ុន ក្នុងនោះរួមទាំងអ្នកលក់រាយផ្នែកអាហារ និងភេសជ្ជៈជាង ៥.០០០កន្លែងផងដែរ។ នេះបើយោងតាមការស៊ើបអង្កេតថ្មីៗនេះ ដោយក្រុមហ៊ុន Teikoku Databank ។
ការស៊ើបអង្កេតបានបង្ហាញថា ក្រុមហ៊ុនផលិតឱសថដែលមានមូលដ្ឋាននៅទីក្រុង Osaka បានផ្គត់ផ្គង់វត្ថុធាតុដើមមេដំបែក្រហមដល់ក្រុមហ៊ុនចំនួន ២២៥ក្រុមហ៊ុន ដោយខ្លះត្រូវបានលក់ដោយផ្ទាល់ និងខ្លះទៀតត្រូវបានកែច្នៃ និងលក់បន្ត ដោយបន្ថែមថា បញ្ហានេះអាចប៉ះពាល់ដល់សហគ្រាសរហូតដល់ ៣៣.០០០កន្លែង នៅប្រទេសជប៉ុន។
ជាមួយគ្នានេះ ការស៊ើបអង្កេតបានឲ្យដឹងទៀតថា ក្នុងចំណោមសហគ្រាសដែលរងផលប៉ះពាល់ទាំងនេះ អ្នកលក់រាយផ្នែកអាហារ និងភេសជ្ជៈ មានចំណែកធំបំផុតរហូតដល់ ៥.៥៨២កន្លែង។ លើសពីនេះទៀត ការស៊ើបអង្កេតបានបង្ហាញបន្ថែមថា សហគ្រាសលក់រាយចំនួន ៥.១៧១ផ្សេងទៀត សហគ្រាសវេជ្ជសាស្ត្រ ៣.៨៨៤កន្លែង និងភោជនីយដ្ឋាន ៣.១១៥កន្លែង ក៏ត្រូវរងផលប៉ះពាល់ផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមហ៊ុនផលិតឱសថ Kobayashi Pharmaceutical បានបញ្ជាក់ពីការស្លាប់ករណីទី៥ ទាក់ទងនឹងអាហារបំប៉នរបស់ខ្លួន ដែលមានមេដំបែក្រហម ឬ «Beni-Koji» (បេនិកូជិ)។ ហើយយោងតាមក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពរបស់ជប៉ុន កាលពីថ្ងៃចន្ទ (ទី១ ខែមេសា) បានឲ្យដឹងថា ចំនួនអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យបន្ទាប់ពីទទួលទានអាហារបំប៉នដែលផលិតដោយក្រុមហ៊ុននេះ បានកើនឡើងដល់ ១៥៧នាក់ហើយ គិតត្រឹមថ្ងៃអាទិត្យ (ទី៣១ ខែមីនា)៕