ចិន៖ ប្រទេសចិនកាលពីថ្ងៃអង្គារបាននិយាយថា សហរដ្ឋអាមេរិកបានប្រឌិតការចោទប្រកាន់ខ្លួន ពីបទវាយប្រហារប្រព័ន្ធបច្ចេកវិទ្យារបស់ក្រុមហ៊ុន Microsoft ហើយចិនបានវាយបកទៅអាមេរិកថា ក្រុងវ៉ាស៊ីនតោនគឺជាជើងឯកពិភពលោក ក្នុងការវាយប្រហារប្រព័ន្ធបច្ចេកវិទ្យា ដោយអាមេរិកថែមទាំងបានឈ្លបយកការណ៍ លើប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនថែមទៀត ខណៈដែលស្ដីបន្ទោសដល់សម្ព័ន្ធមិត្តអាមេរិក ដែលរួមគ្នាថ្កោលទោសចិននៅក្នុងសេចក្ដីថ្លែងការណ៍រួមដ៏កម្រ។

សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបានចោទប្រកាន់ទីក្រុងប៉េកាំង ពីបទវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីខែមីនាលើក្រុមហ៊ុន Microsoft Exchange ដែលជាម៉ាស៊ីនមេអ៊ីម៉ែលដ៏ធំមួយសម្រាប់សាជីវកម្មនៅជុំវិញពិភពលោក និងបានចោទប្រកាន់ជនជាតិចិនចំនួន ៤នាក់ពីបទលួចយកទិន្នន័យសកល។ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ការវាយប្រហារនេះគឺជាផ្នែកមួយ នៃគំរូនៃអាកប្បកិរិយាដែលមិនទទួលខុសត្រូវ ការរំខាន និងអស្ថិរភាពនៅក្នុងប្រព័ន្ធបច្ចេកវិទ្យា។
លោក Blinken បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ក្រសួងសន្តិសុខរដ្ឋចិន ឬហៅកាត់ថា MSS បានទំនុកបម្រុងដល់ក្រុមឧក្រិដ្ឋជនលួចទិន្នន័យ ដែលបានធ្វើសកម្មភាពទាំងគាំទ្រដោយរដ្ឋផង ទាំងឧក្រិដ្ឋកម្មប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ផលប្រយោជន៍ខ្លួនឯងផង។ ចិនបានវាយបកវិញដោយហៅការចោទប្រកាន់ នៃយុទ្ធនាការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យា ដែលគាំទ្រដោយក្រុងប៉េកាំងថាជា "ការប្រឌិត"៕
អត្ថបទ៖ សុខមាន