កងកម្លាំងសន្តិសុខ និងនគរបាល បានបំបែកហ្វូងបាតុករដែលមកប្រមូលផ្តុំគ្នានៅខាងក្រៅលំនៅឋានរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីយប់ថ្ងៃអង្គារ ទី២ ខែមេសា ក្នុងទីក្រុង ហ្សេរុយសាឡឹម ដើម្បីតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់លោក និងការលើកលែងដែលត្រូវបានផ្តល់ដល់បុរសជនជាតិជ្វីហ្វសាសនាអូថូដុកនិយមជ្រុល មិនឲ្យចូលបម្រើជាយោធា។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថាបាតុករ៥នាក់ ត្រូវបានចាប់ខ្លួនពីបទរំខានដល់សណ្តាប់ធ្នាប់។ បាតុកររាប់ពាន់នាក់ បានធ្វើបាតុកម្មនៅខាងក្រៅសភាកាលពីពេលមុននេះ ហើយបានដើរដង្ហែរក្បួនមានកាន់ភ្លើង និងទង់ជាតិអ៊ីស្រាអែល ទៅកាន់លំនៅឋានរបស់លោក Netanyahu ក្នុងទីក្រុងហ្សេរុយសាឡឹម។
គណៈរដ្ឋមន្ត្រីរបស់លោក Netanyahu បានប្រឈមមុខទៅនឹងការរិះគន់យ៉ាងខ្លាំងជុំវិញការបរាជ័យផ្នែកសន្តិសុខចំពោះការវាយប្រហាររបស់ក្រុមហាម៉ាសនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលបណ្តាលឲ្យមនុស្សចំនួន ១.២០០នាក់ស្លាប់ និងជាង ២៥០នាក់ ត្រូវបានចាប់ជាចំណាប់ថ្នូរទៅកាន់តំបន់ហ្កាហ្សា។
