ការរញ្ជួយដីនៅឈូងសមុទ្រកោះតៃវ៉ាន់ ដែលមានកម្រិត ៧,៤ រ៉ិចទ័រ បានអង្រួនក្រុងតៃប៉ិ នៅព្រឹកថ្ងៃពុធ (០៣ មេសា) នេះដោយបានផ្តាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួននៃទីក្រុង បំផ្លាញហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងការស្លាប់ ឬរបួសជាច្រើនត្រូវបានគេរំពឹង ព្រមទាំងបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ សម្រាប់កោះភាគខាងត្បូងប្រទេសជប៉ុន និងហ្វីលីពីន។

ស្ថានីយ៍ទូរទស្សន៍តៃវ៉ាន់ បានបង្ហាញវីដេអូនៃអគារបាក់រលំមួយចំនួននៅក្នុងតំបន់ ហ័រលៀន (Hualien) ភាគខាងកើត នៅជិតចំណុចកណ្តាលនៃការរញ្ជួយដី ហើយប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មនុស្សមួយចំនួនបានជាប់ខ្លួននៅទីនោះ។ មានការរំពឹងទុកថា នឹងមានអ្នករបួស ឬស្លាប់យ៉ាងច្រើន បន្ទាប់ពីអគារជាច្រើនបានដួលរលំក្រោយរញ្ជួយដីកម្រិត ៧,៤ រ៉ិចទ័រនេះ។
យោងតាមរដ្ឋបាលអាកាសធាតុកណ្តាលរបស់កោះតៃវ៉ាន់ បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅម៉ោង ០៧:៥៨ នាទីព្រឹក (ម៉ោងក្នុងស្រុក) ក្នុងជម្រៅ ១៥,៥ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រភាគខាងកើតនៃកោះតៃវ៉ាន់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា នេះគឺជាការរញ្ជួយដីដ៏ខ្លាំងបំផុតដែលបានវាយប្រហារលើកោះនេះក្នុងរយៈពេល ២៥ ឆ្នាំមកនេះ។
ទីភ្នាក់ងារព័ត៌មានកណ្តាលផ្លូវការរបស់កោះតៃវ៉ាន់បាននិយាយថា គ្រោះរញ្ជួយដីនេះ គឺជាគ្រោះរញ្ជួយដីដ៏ធំបំផុតចាប់តាំងពីឆ្នាំ ១៩៩៩ មក នៅពេលដែលការរញ្ជួយកម្រិត ៧,៦ រ៉ិចទ័របានសម្លាប់មនុស្សប្រហែល ២.៤០០ នាក់ និងបានបំផ្លាញ ឬបង្កការខូចខាតអគារចំនួន ៥០.០០០ ខ្នងនៅក្នុងការរញ្ជួយដីដ៏អាក្រក់បំផុតមួយរបស់តៃវ៉ាន់៕

