ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជសុន្ទរកថាទៅកាន់សមាជិកសមាជិកាព្រឹទ្ធសភា ក្នុងឱកាសបើកសម័យប្រជុំដំបូង នីតិកាលទី៥ នៃព្រឹទ្ធសភា នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ដោយព្រះអង្គបានផ្ដាំផ្ញើឱ្យព្រឹទ្ធសភានីតិកាលទី៥ បន្តរួមចំណែកឱ្យកាន់តែសកម្មថែមទៀត បន្តពូនជ្រំប្រជាធិបតេយ្យទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានរបស់កម្ពុជា។

ព្រះរាជសុន្ទរកថា ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ថ្ងៃនេះជាឱកាសដ៏មហាវិសេសវិសាលដែលព្រឹទ្ធសភានីតិកាលទី៥ បានប្រារព្ធពិធីបើកសម័យប្រជុំដំបូងរបស់ខ្លួន ស្របទៅតាមកាលកំណត់របស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីម្ចាស់ឆ្នោតគឺតំណាងរាស្ត្រ និងក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ក្នុងក្របខ័ណ្ឌភូមិភាគទាំង៨ បាសម្តែងនូវឆន្ទៈ និងជំនឿទុកចិត្ត តាមរយៈការបោះឆ្នោតជាអសកល សេរី និងពហុបក្ស កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងមក។
ព្រះករុណាបានសម្តែងនូវសេចក្តីអំណរសាទរដ៏កក់ក្តៅក្រៃលែងថ្វាយ និងជូនចំពោះសម្តេចព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភានីតិកាលទី៥ ដើម្បីរួមគ្នាបំពេញតួនាទីភារកិច្ច ក្នុងស្ថាប័ននីតិប្បញ្ញត្តិកំពូលនេះឱ្យប្រព្រឹត្តទៅបានកាន់តែល្អប្រសើរ មានប្រសិទ្ធភាព និងគណនេយ្យភាពខ្ពស់ ក្នុងក្របខ័ណ្ឌនៃអភិបាលកិច្ចល្អនិងនីតិរដ្ឋ។

ព្រះករុណាព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ព្រឹទ្ធសភាត្រូវរួមចំណែកធ្វើឱ្យអំណាចរដ្ឋប្រព្រឹត្តទៅបានល្អប្រសើរ និងមានតុល្យភាពដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពនយោបាយ ព្រមទាំងការពារបាននូវរដ្ឋធម្មនុញ្ញនិងរបបរាជានិយនិយម។ សាមគ្គីជាតិរឹងមាំ និងកិច្ចការពាររាល់សមិទ្ធផលដ៏ថ្លៃថ្លានៃសង្គមជាតិឱ្យស្ថិត ស្ថេរគង់វង្ស ត្រូវដើរទន្ទឹមនឹងការលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិ ក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។
ព្រះករុណាព្រះមហាក្សត្របានរម្លឹកឡើងថា ក្នុងអំឡុងពេលនៃបួននីតិកាលកន្លងទៅនេះ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានដំណើរការដោយរលូន ប្រកបដោយភាពចាស់ទុំខាងនយោបាយ និងមានស្មារតីទទួលខុសត្រូវខ្ពស់ ក្រោមការ ដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងដឹកនាំបន្តដោយភាព វៃឆ្លាត និងត្រឹមត្រូវច្បាស់លាស់ រហូតមកដល់បច្ចុប្បន្ននេះដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ។

ព្រះករុណាព្រះមហាក្សត្រ បានផ្ដាំផ្ញើដល់ព្រឹទ្ធសភា នីតិកាលទី៥ថា ដោយឈរលើអត្តសញ្ញាណជាតំណាងក្រុមប្រឹក្សាឃុំ សង្កាត់ ព្រឹទ្ធសភានីតិកាលទី៥ ត្រូវបន្តរួមចំណែកឱ្យកាន់តែសកម្មថែមទៀត ក្នុងការពូនជ្រំប្រជាធិបតេយ្យភាវូបនីយកម្មសង្គមថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដើម្បីឱ្យមានការបែងចែកមុខងារ ធនធាន និងការទទួលខុសត្រូវច្បាស់លាស់រវាងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅលើកកម្ពស់គុណភាពប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍដោយចីរភាព និងបរិយាបន្ន។
ព្រះករុណាព្រះមហាក្សត្រ បានបញ្ជាក់ថា ទន្ទឹមនេះព្រឹទ្ធសភាត្រូវការពារផលប្រយោជន៍ទូទៅ និងយុត្តិធម៌សង្គម ដើម្បីសមធម៌សង្គម ការគោរពសិទ្ធិសេរីភាព ជំនឿ សេចក្តីថ្លៃថ្នូរ សម្រាប់ប្រជារាស្ត្រគ្រប់រូប និងលើកកម្ពស់គុណភាពនៃជីវិតរស់នៅឱ្យកាន់តែប្រសើរឡើង ដោយធានាបាននូវ សុភមង្គល ភាពសុខដុមរមនាយូរអង្វែង ទាំងនៅក្នុងគ្រួសារ សហគមន៍ និងក្នុងសង្គមជាតិយើង ទាំងមូល៕

