កំពត ៖ ដំណើរកាចាក់វ៉ាក់កូវីដ១៩នៅខេត្តកំពត បាននឹងកំពុងប្រព្រឹត្តទៅដោយរលូន ទោះជាពលរដ្ឋបានមកចូលរួមចាក់ច្រើនក៏ដោយ ប៉ុន្តែសណ្តាប់ធ្នាប់ និងគម្លាតសង្គមនៅតែរក្សាបានយ៉ាងល្អ។ បើតាមមន្ត្រីជំនាញបានឲ្យដឹងថា រយៈពេល៨ថ្ងៃកន្លងមកនេះ មានពលរដ្ឋជាង៣ម៉ឺននាក់ បានមកទទួលវ៉ាក់សាំងកូវីដ១៩។
ប្រធានការិយាល័យថ្នាំបង្ការ នៃមន្ទីរសុខាភិបាលខេត្តកំពត លោក ស៊ីន ចូវ បានប្រាប់ឲ្យដឹងថា ការចាក់វ៉ាក់សាំងជំហ៊ានទី៣ ជូនដល់ពលរដ្ឋទូទៅនៅក្រុងកំពត ក្រុងបូកគោ និងនៅទីប្រជុំជនស្រុកទឹកឈូ ស្រុកជុំគិរី និងស្រុកកំពង់ត្រាច បានចាប់ផ្តើមពីថ្ងៃទី១៣ ខែកក្កដា មានមណ្ឌលផ្តល់វ៉ាក់សាំងចំនួន ៧ទីតាំង គឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពត សាលាបឋមសិក្សាហ៊ុនសែន១មករា មន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល មណ្ឌលសុខភាពត្រពាំងរពៅ មណ្ឌលសុខភាពត្រពាំងសង្កែ មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច មណ្ឌលសុខភាពត្រពាំងរាំងស្រុកជុំគិរី ដែលមានវ៉ាក់សាំងកូវីដ-១៩ ចំនួនពីរប្រភេទ គឺស៊ីណូវ៉ាក់ និងស៊ីណូហ្វាម សរុបចំនួន ១៣៥.៨៥២ដូស។
លោក បានបន្តថា ដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋទូទៅនៅខេត្តកំពត កាន់តែប្រព្រឹត្តទៅល្អប្រសើរជាលំដាប់ ហើយពលរដ្ឋនៅតែបន្តមកចាក់ច្រើនដដែល។ តែយ៉ាងណាក៏ដោយ សណ្តាប់ធ្នាប់ និងគម្លាតសង្គម នៅតែត្រូវរក្សាបានយ៉ាងល្អ ដោយសារមានការចូលរួមសហការរៀបចំពីអាជ្ញាធរ និងសមត្ថិច្ច និងក្រុមការងារយុវជន ។
លោក ស៊ីន ចូវ បានបញ្ជាក់ថា គិតត្រឹមវេលាម៉ោង៥ល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនពលរដ្ឋដោយស្ម័គ្រចិត្តនៅទូទាំងខេត្តកំពត សម្រេចបានចំនួន ៣២.១២៣នាក់ ក្នុងនោះស្រីចំនួន ១៧.៦៥៦នាក់។
សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ក្នុងជំហ៊ានទី៣នេះ នឹងបន្តធ្វើរហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ខាងមុខ ក្នុងចំនួនវ៉ាក់សាំងសរុប ១៣៥.៨៥២ដូស។ហើយមកដល់ពេលនេះ មិនមានបញ្ហាណាមូយគួរឲ្យកត់សំគាល់ទេ៕
អត្ថបទ ៖ សារីម

