អភិបាលរដ្ឋធានីសេដ្ឋកិច្ចរបស់ប្រទេសទួរគី បាននិយាយថា អគ្គិភ័យឆាបឆេះបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២៩នាក់ស្លាប់ នៅក្នុងអគារលំនៅឋានកម្ពស់១៦ ជាន់ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃអង្គារ។ ការិយាល័យរបស់អភិបាលក្រុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដោយសំដៅទៅលើទីក្រុងអ៊ីស្តង់ប៊ុលថា ចំនួនមនុស្សដែលបានបាត់បង់ជីវិតនៅក្នុងអគ្គីភ័យបានកើនឡើងដល់២៩នាក់ និងមនុស្សម្នាក់បានរងរបួស។
ការិយាល័យអភិបាលក្រុងនិយាយថា អគ្គិភ័យបានចាប់ផ្តើមនៅម៉ោង ១២:៤៧នាទីរំលងអាធ្រាត ម៉ោងក្នុងស្រុក ហើយត្រឹមតែប៉ុន្មានម៉ោងក្រោយមក អគ្គិភ័យបានស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមអ្នកពន្លត់អគ្គីភ័យ។ រូបភាពតាមទូរទស្សន៍ បង្ហាញពីអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ហុយចេញពីបង្អួចជាន់ខាងលើ។

ការិយាល័យអភិបាលក្រុង បានប្រាប់អ្នកសារព័ត៌មានថា អណ្តាតភ្លើងបានផ្ទុះឡើង អំឡុងការងារសាងសង់នៅជាន់ទី១ និងទី២ ដែលនៅជាន់ខាងក្រោមនេះជាទីតាំងក្លឹបរាត្រី។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកអាលី យឺលីកាយ៉ា (Ali Yerlikaya) បានបង្ហោះនៅលើបណ្តាញ Xថា ការស៊ើបអង្កេតមួយកំពុងត្រូវបានធ្វើឡើងចំពោះឧបទ្ទវហេតុអគ្គិភ័យនេះ ហើយទរទស្សន៍ NTV បានរាយការណ៍ថា មនុស្ស៥នាក់ ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ ជាប់ទាក់ទងទៅនឹងអគ្គិភ័យនេះ។
លោក អ៊ីក្រឹម អ៊ីម៉ាម៉ូគ្លូ(Ekrem Imamoglu) អភិបាលក្រុងអ៊ីស្តង់ប៊ុល ដែលទើបជាប់ឆ្នោតថ្មី បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ បាននិយាយថា អគ្គិភ័យបានស្ថិតក្រោមការគ្រប់គ្រង ហើយពុំមានជនរងគ្រោះបន្ថែមទៀតនោះទេ ដោយលោកបានចូលរួមរំលែកទុក្ខជាមួយសាច់ញាតិរបស់អ្នកស្លាប់ និងអ្នករងរបួស។
