
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយនៅថ្ងៃពុធនេះថា ការសាកល្បងអាវុធចុងក្រោយរបស់ប្រទេសកូរ៉េខាងជើង គឺជាមីស៊ីលល្បឿនលឿនជាងសំឡេង រយៈចម្ងាយមធ្យមរហូតដល់ចម្ងាយឆ្ងាយ ហើយមេដឹកនាំ លោក គីម ជុងអ៊ុន មានវត្តមានសម្រាប់ការបាញ់បង្ហោះសាកល្បងនោះ។
ជាមួយការបាញ់បង្ហោះមីស៊ីលនេះ លោក គីម បាននិយាយថា ប្រទេសកូរ៉េខាងជើងបច្ចុប្បន្ន សម្រេចបាននូវមីស៊ីលយុទ្ធសាស្ត្រ ដែលមានឥន្ធនៈរឹង ក្បាលគ្រាប់ដែលអាចពត់ពេនបាន និងមានសមត្ថភាពបំពាក់នុយក្លេអ៊ែរ។
យោធាទីក្រុងសេអ៊ូល បាននិយាយថា មីស៊ីលដែលបានបាញ់បង្ហោះកាលពីព្រឹកថ្ងៃអង្គារ បានហោះក្នុងចម្ងាយប្រហែល ៦០០គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងដែនទឹករវាងប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន ប៉ុន្តែសារព័ត៌មាន KNCA បានដាក់តួលេខចម្ងាយប្រហែល ១.០០០ គីឡូម៉ែត្រ។
ការបាញ់បង្ហោះមីស៊ីលចុងក្រោយរបស់ទីក្រុងព្យុងយ៉ាង ជាមីស៊ីល Hwasong-16 កើតមានឡើងមិនដល់ពីរសប្តាហ៍នោះទេ បន្ទាប់ពីលោក Kim បានពិនិត្យការសាកល្បងម៉ាស៊ីនឥន្ធនៈរឹង សម្រាប់មីស៊ីលល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម។
កូរ៉េខាងជើង បានស្វែងរកជាយូរមកហើយដើម្បីធ្វើជាម្ចាស់លើបច្ចេកវិទ្យាលឿនជាងសំឡេង និងឥន្ធនៈរឹងទំនើបបន្ថែមទៀត ដើម្បីផលិតមីស៊ីលមានសមត្ថភាព ដែលធ្វើឲ្យលែងមានប្រសិទ្ធភាពប្រព័ន្ធការពារមីស៊ីលរបស់ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក និងអាចគំរាមកំហែងដល់មូលដ្ឋានយោធាក្នុងតំបន់របស់សហរដ្ឋអាមេរិក។
មីស៊ីលល្បឿនលឿនជាងសំឡេង មានល្បឿនលឿនជាង និងអាចហោះហើរពត់ពេនពេលកពុងហោះហើរ ដែលធ្វើឱ្យមីស៊ីលពិបាកត្រូវបានតាមដាន និងស្ទាក់ចាប់។