
សភារបស់ប្រទេសអ៊ីស្រាអែល បានអនុម័តច្បាប់ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយបរទេស ដែលត្រូវបានចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ប្រទេស។
សភា បានអនុម័តច្បាប់នេះដោយមានសំឡេងភាគច្រើនកាលពីថ្ងៃចន្ទ។ ច្បាប់នេះ ផ្តល់សិទ្ធិអំណាចដល់រដ្ឋាភិបាលក្នុងការបិទប្រព័ន្ធផ្សព្វផ្សាយជាបណ្តោះអាសន្ន និងបញ្ឈប់ការផ្សាយរបស់ពួកគេ ក្នុងចំណោមវិធានការដ៏ទៃទៀត។
នៅថ្ងៃដដែលនេះដែរ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសក្នុងសេចក្តីថ្លែងការណ៍ថា បំណងរបស់លោកក្នុងការបញ្ឈប់ជាបន្ទាន់ការផ្សព្វផ្សាយរបស់សារព័ត៌មាន Al Jazeera មានមូលដ្ឋាននៅប្រទេសកាតា ពីក្នុងប្រទេសអ៊ីស្រាអែល។
អ្នកឆ្លើយឆ្លងព័ត៌មាន របស់សារព័ត៌មាន Al Jazeera នៅតំបន់ហ្កាហ្សា បានផ្តល់ការរាយការណ៍ប្រចាំថ្ងៃអំពីអ្នកស្លាប់ និងការបំផ្លិចបំផ្លាញដែលបណ្តាលមកពីការវាយលុករបស់អ៊ីស្រាអែលនៅទីនោះ។ លោក Netanyahu បានក្លាយជាអ្នករិះគន់ឥតសំចៃចំពោះការរាយការណ៍របស់បណ្តាញសារព័ត៌មាននេះ។
ប្រព័ន្ធផ្សព្វផ្សាយ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារដោយនិយាយថា វិធានការចុងក្រោយនេះ ធ្វើឡើង ជាផ្នែកមួយនៃការវាយប្រហារជាប្រព័ន្ធជាបន្តបន្ទាប់របស់អ៊ីស្រាអែល ដើម្បីបំបិទសំឡេងសារព័ត៌មាន Al Jazeera។ សេចក្តីថ្លែងការណ៍ បានចោទប្រកាន់អ៊ីស្រាអែលថា បានសម្លាប់អ្នកសារព័ត៌មានរបស់ខ្លួនបីនាក់ និងបានចាប់ខ្លួន បំភិតបំភ័យអ្នកសារព័ត៌មានរបស់ខ្លួននៅក្នុងសមរភូមិ។
គណៈកម្មាធិការការពារអ្នកសារព័ត៌មាន ដែលជាអង្គការមិនរកប្រាក់ចំណេញអន្តរជាតិ បានសម្តែងការព្រួយបារម្ភចំពោះច្បាប់ថ្មីនេះ ដែលគណៈកម្មការបាននិយាយថា បង្កការគំរាមកំហែងយ៉ាងសំខាន់ដល់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនៅក្នុងប្រទេសនេះ។