ក្រសួងមុខងារសាធារណៈ ក្នុងការបំពេញការងាររបស់ខ្លួន សម្រេចបាននូវលទ្ធផលជាបន្តបន្ទាប់ក្នុងក្របខណ្ឌ នៃការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។ ជាជោគជ័យធំដែលទទួលបានការកោតសសើរនោះគឺ ការប្រឡងជ្រើសរើសមន្ត្រី បម្រើការងារក្នុងរដ្ឋបាលសាធារណៈនៅតាមក្រសួងស្ថាប័ន ក្នុងរយៈពេលប៉ុន្មានខែមកនេះ។ នេះជាការបញ្ជាក់ក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងមុខងារសាធារណៈ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងក្នុងឱកាសប់កសន្និបាតថា ក្រសួងមុខងារសាធារណៈបានបំពេញការងារ និងសម្រេចបានលទ្ធផលជាបន្តបន្ទាប់ក្នុងក្របខណ្ឌនៃ ការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។ សមិទ្ធផលនោះគឺ ការកែលម្អការជ្រើសរើសមន្ត្រីបម្រើការងារក្នុងរដ្ឋបាលសាធារណៈ។
ក្រសួងមុខងារសាធារណៈបានដឹកនាំ និងសម្របសម្រួលការរៀបចំអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ព្រមទាំងបានដឹកនាំ និងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺ “ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត”។

ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលត្រូវបានអនុវត្តចំនួន៥ លើករួចមកហើយ។ ការប្រឡងទាំងនោះរួមមាន ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ/សង្កាត់ចំនួន២៥០នាក់ ការជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ១០០ កន្លែង ការប្រឡងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារ ក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ៣៣កន្លែង ការជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួងសាធារណការនិងដឹកជញ្ជូន ៩៩កន្លែង និងការប្រឡងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន ៥២កន្លែង។
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានបង្ហាញនូវមោទនភាពខ្ពស់ចំពោះការបោះជំហានឆ្ពោះ ទៅមុខនៃវិស័យមុខងារសាធារណៈ ដែលបាននិងកំពុងចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានចាំបាច់ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា៕ អត្ថបទ៖ គឹមហុក

