
អតីតអនុប្រធានាធិបតី លោក Mike Pence បានគាំទ្រការលុកលុយដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល ចូលទៅក្នុងទីក្រុងរ៉ាហ្វា (Rafah) ហើយបានអំពាវនាវឲ្យប្រទេសនេះកម្ទេចក្រុមហាម៉ាស ចំពេលមានសម្ពាធកាន់តែខ្លាំងឡើងពីរដ្ឋបាលលោកបៃដិន និងសមាជិកសភាគណបក្សប្រជាធិបតេយ្យមួយចំនួន ដើម្បីស្វែងរកវិធីសាស្រ្តបន្ថែមទៀត ក្នុងការដណ្តើមយកទីតាំងរឹងមាំចុងក្រោយរបស់ក្រុមភេរវកម្ម នៅតំបន់ហ្កាហ្សាភាគខាងត្បូង។
ថ្លែងនៅឯវេទិកា Hertog ប្រចាំឆ្នាំរបស់វិទ្យាស្ថានHudson កាលពីល្ងាចថ្ងៃចន្ទ លោក Pence បានផ្តោតលើរដ្ឋបាលលោកបៃដិន និងក្រុមអ្នកបំបែកខ្លួននៅក្នុងគណបក្សសាធារណរដ្ឋចំពោះការរិះគន់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា លោកក៏បានជំរុញឲ្យមេដឹកនាំអ៊ីស្រាអែលកុំអើពើនឹងការរិះគន់នោះ ហើយជំនួសមកវិញការផ្តោតលើការកម្ទេចក្រុមហាម៉ាស។
លោក Pence បាននិយាយថា៖«ទោះបីជាជំហរដែលរដ្ឋបាលបច្ចុប្បន្ន ឬសំឡេងនៅក្នុងគណបក្សរបស់ខ្ញុំផ្ទាល់ ទទួលយកអ្វីក៏ដោយ នេះជាការពិត។ អ៊ីស្រាអែលគ្មានជម្រើសអ្វី ក្រៅពីលុកលុយទីក្រុងរ៉ាហ្វា និងដើម្បីតាមស្វែងរក និងបំផ្លាញក្រុមហាម៉ាសទាំងស្រុង។ សង្រ្គាម គួរតែបញ្ចប់ នៅពេលដែលគោលដៅយោធារបស់អ៊ីស្រាអែល ត្រូវបានសម្រេច ហើយមិនមែនរយៈពេលខ្លីទេ ហើយខ្ញុំជឿថា ប្រជាជនអាមេរិកនឹងឈរជាមួយអ៊ីស្រាអែល ក្នុងការប្រយុទ្ធនោះ»។
លោកបានបន្ថែមថា៖«ជំនួសឲ្យការទាមទារការកំណត់តាមអំពើចិត្តលើការឆ្លើយតបផ្នែកយោធារបស់អ៊ីស្រាអែល ខ្ញុំជឿថា ប្រធានាធិបតីរបស់យើង គួរតែបញ្ជាក់ឲ្យច្បាស់ថា អ៊ីរ៉ង់នឹងរងផលវិបាកធ្ងន់ធ្ងរ
ប្រសិនបើខ្លួននៅតែបន្តព្យាយាមបង្កើនអំពើហិង្សាតាមរយៈក្រុមតំណាងរបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សា យេម៉ែន លីបង់ និងនៅក្នុងប្រទេសស៊ីរី។ ខ្ញុំស្វាគមន៍របាយការណ៍នៅថ្ងៃនេះថា អ៊ីស្រាអែល បានវាយប្រហារឃ្លាំងអាវុធដែលគ្រប់គ្រងដោយក្រុមហេសបូឡា នៅជាយក្រុងដាម៉ាស ហើយខ្ញុំសូមបញ្ជាក់ឲ្យបានច្បាស់ថា អាមេរិក គួរតែគាំទ្រយ៉ាងពេញទំហឹងដល់ការខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ដើម្បីធានាព្រំដែនភាគខាងជើងរបស់ខ្លួនពីក្រុមហេសបូឡា»។