
លោកប្រធានាធិបតីអាមេរិក Joe Biden បានស្វែងរកការគ្រប់គ្រងភាពតានតឹងជុំវិញសមុទ្រចិនខាងត្បូង និងការស្បថចូលកាន់តំណែងរបស់មេដឹកនាំកោះតៃវ៉ាន់នៅខែឧសភាខាងមុខ នៅក្នុងការសុន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីចិន Xi Jinping កាលពីថ្ងៃអង្គារ ជាកិច្ចពិភាក្សាដោយផ្ទាល់លើកដំបូងរបស់លោកទាំង២ចាប់តាំងពីកិច្ចប្រជុំទល់មុខគ្នាកាលពីខែវិច្ឆិកាឆ្នាំ២០២៣នៅអាមេរិក។
លោក Joe Biden និងលោក Xi Jinping បានប៉ះពាក្យសម្ដីគ្នាអំពីបញ្ហាកោះតៃវ៉ាន់ និងការរឹតត្បិតពាណិជ្ជកម្មលើបច្ចេកវិទ្យា ប៉ុន្តែបានព្យាយាមគ្រប់គ្រងភាពតានតឹងខណៈមន្ត្រីជាន់ខ្ពស់២រូបរបស់អាមេរិក ត្រៀមបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង។
សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Biden បានប្រើការអំពាវនាវនេះ ដើម្បីសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងនីតិរដ្ឋ និងសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង។
យោងតាមទីភ្នាក់ងារសារព័ត៌មានចិន Xinhua លោក Xi បាននិយាយថា ទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិ កំពុងចាប់ផ្តើមមានស្ថិរភាព ប៉ុន្តែបានព្រមានថាទំនាក់ទំនងយ៉ាប់យ៉ឺនដូចសព្វថ្ងៃ អាចធ្លាក់ចូលក្នុងជម្លោះ ឬការប្រឈមដាក់គ្នា។
អ្នកនាំពាក្យសន្តិសុខជាតិសេតវិមានលោក John Kirby បានប្រាប់សន្និសីទសារព័ត៌មានមួយបន្ទាប់ពីជំនួបតាមទូរស័ព្ទថារដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ នោះគឺបន្ទាប់ពីដំណើរនៅសប្តាហ៍នេះ ដោយរដ្ឋមន្ត្រីក្រសួងររតនាគារ លោកស្រី Janet Yellen។
ជំនួបតាមទូរស័ព្ទជិតពីរម៉ោងរវាងមេដឹកនាំទាំង២ ដែលពិពណ៌នាដោយ លោក Kirby ថាជាជំនួបបែបអាជីវកម្ម កើតឡើងមុនពេលកិច្ចប្រជុំនៅសប្តាហ៍ក្រោយ រវាងលោក Biden នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida និងលោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos ស្របពេលប្រទេសចិនពង្រីកកម្លាំងយោធារបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង៕