
ក្រសួងមហាផ្ទៃអ៊ីរ៉ាក់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សិស្សសាលាបឋមសិក្សាចំនួន ៦ នាក់បានស្លាប់ និង ១៤ នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលរថយន្តទូទឹកកកមួយគ្រឿងបានបើកបុកក្រុមក្មេងៗនៅក្នុងទីក្រុង បាស្រា (Basra) ភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអង្គារ (០២ មេសា)។
នគរបាល និងសាក្សីបាននិយាយថា អ្នកបើកបរបាត់បង់ការគ្រប់គ្រង បន្ទាប់ពីហ្វ្រាំងរបស់រថយន្តបានដាច់ ហើយក៏ជ្រុលទៅបុកសិស្សសាលាបឋមសិក្សាមួយក្រុមដែលនៅក្បែរនោះ ដែលកំពុងដើរនៅតាមដងផ្លូវក្នុងទីប្រជុំជន ហាថា (Hartha) នៅជាយក្រុង បាស្រា ភាគខាងជើង។
អគ្គនាយកនៃនាយកដ្ឋានសុខភាពក្រុង បាស្រា លោក អាបបាស អាល់ថាមេមី (Abbas Al-Tameemy) បានប្រាប់សារព័ត៌មានរ៉យទ័រ ពីមន្ទីរពេទ្យ អាល់ហ្វាយហា (al-Fayhaa) ថា អ្នករបួសនឹងត្រូវទទួលការព្យាបាលនៅមន្ទីរពេទ្យផ្សេងៗគ្នាក្នុងទីក្រុង បាស្រា។ ប្រភពពីមន្ទីរពេទ្យបាននិយាយថា កុមាររងរបួសមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយមានរបួសក្បាលធ្ងន់ធ្ងរ។
ការិយាល័យនាយករដ្ឋមន្រ្តីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ម៉ូហាម៉េដ សៀ អាល់ស៊ូដានី (Mohammed Shia al-Sudani) បានបញ្ជាឱ្យមានការស៊ើបអង្កេតជាបន្ទាន់លើគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនេះ៕