
ប្រទេសហ្វីលីពីន លើកឡើងថា កងនាវារបស់ខ្លួនកំពុងត្រៀមសម្រាប់ករណីមានបញ្ហាធ្ងន់ធ្ងរបំផុត នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង ដើម្បីទប់ទល់ប្រទេសចិន ស្របពេលសម្ពាធយោធាចេះតែកើនឡើងនៅក្នុងដែនទឹកមានជម្លោះ ។
មន្ត្រីជាន់ខ្ពស់មួយរូបដែលមានភារកិច្ចពង្រឹងសន្តិសុខដែនសមុទ្រនៅសមុទ្រហ្វីលីពីនខាងលិចបាននិយាយថា កងទ័ពនៅឆ្នេរសមុទ្រភាគខាងកើត កំពុងសិក្សាជម្រើសទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលរបស់លោក ហ្វឺឌីណាន ម៉ាកូស ជូនៀរ (Ferdinand Marcos Jr)ត្រូវបានណែនាំឲ្យបន្តយកចិត្តទុកដាក់លើផ្នែកការទូត ដើម្បីដោះស្រាយជម្លោះនេះ ។
លោក ឧត្តមនាវីឯក អាល់ប៊ើតូ កាឡូស (Alberto Carlos) បាននិយាយថា យើងបានត្រៀមខ្លួនរួចរាល់សម្រាប់អ្វីដែលពួកគេនឹងធ្វើ។ កងទ័ពដែលឈរជើងនៅលើនាវាស៊ីរ៉ាម៉ាដ្រេ (Sierra Madre) ត្រូវបានរៀបចំសម្រាប់សេណារីយ៉ូ ឬចំហាកដ៏ធ្ងន់ធ្ងរបំផុត ។ យើងកំពុងសិក្សាជម្រើសទាំងអស់។ នោះជារឿងមិនអាចទទួលយកបានទេ ប្រសិនបើយើងនឹងបញ្ឈប់បេសកកម្មផ្គត់ផ្គង់ឡើងវិញ។
BRP Sierra Madre គឺជានាវាដែលត្រូវបានចតនៅលើតំបន់ថ្មប៉ប្រះទឹកមានជម្លោះ Second Thomas Shoal នៅក្នុងសមុទ្រចិនខាងត្បូង ដែលជាចំណុចក្ដៅនៃការប្រឈមដាក់គ្នាជាបន្តបន្ទាប់។ ហ្វីលីពីននិយាយថា ខ្លួនមានសិទ្ធិដំណើរការបេសកកម្មផ្គត់ផ្គង់ឡើងវិញដល់កងទ័ពនៅលើនាវាបន្សល់ទុកពីសម័យសង្គ្រាមលោកលើកពីរ។
ហ្វីលីពីន មានចេតនាចតនាវានេះនៅលើតំបន់ជម្លោះនេះ កាលពីឆ្នាំ ១៩៩៩ ដើម្បីអះអាងសិទ្ធិកាន់កាប់និងអធិបតេយ្យភាពរបស់ខ្លួនលើដែនទឹកនេះ ។ ប្រទេសចិនអះអាងសិទ្ធិលើអធិបតេយ្យភាពភាគច្រើននៃសមុទ្រចិនខាងត្បូងនេះ ជាការអះអាងដែលកាត់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និងឥណ្ឌូនេស៊ី។ នាវាដឹកជញ្ជូនហ្វីលីពីនដែលមានមូលដ្ឋាននៅលើដែនទឹកថ្មប៉ះប្រះទឹកនេះ មានចម្ងាយប្រហែល ១៩០ គីឡូម៉ែត្រ ពីកោះផាឡាវ៉ាន់ (Palawan)របស់ហ្វីលីពីន៕