
គណៈកម្មាធិការសន្តិសុខរដ្ឋ បាននិយាយថា មនុស្សច្រើននាក់បានស្លាប់ និងរងរបួស កាលពីថ្ងៃអង្គារ ក្នុងការវាយប្រហារដោយយានដ្រូនទៅលើការជួបប្រជុំគ្នារបស់កងពលតូចអ៊ីស្លាមនិយម នៅក្នុងទីក្រុង Atbara ក្នុងរដ្ឋ Nahr al-Neel ភាគខាងជើងប្រទេសស៊ូដង់។
គណៈកម្មាធិការ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ្នកបួងសួងមួយក្រុម បានរងការវាយប្រហារដោយយានដ្រូន ខណៈពេលកំពុងធ្វើការបួងសួងពេលថ្ងៃលិចបន្ទាប់ពីទទួលទានអាហារស្រាយបួស។ សេចក្តីថ្លែងការណ៍បាននិយាយថា ការវាយប្រហារនេះបានបណ្តាលឲ្យមនុស្សច្រើននាក់ស្លាប់ និងរងរបួស។
ជាមួយគ្នានេះដែរ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការវាយប្រហារដោយយានដ្រូន បានកំណត់គោលដៅលើកងពលតូច al-Baraa Bin Malik ក្នុងអំឡុងពេលអាហារស្រាយបួស បន្ទាប់ពីការបួងសួងពេលថ្ងៃលិច។ យោងតាមសាក្សីដែលឃើញហេតុការណ៍បាននិយាយថា ការវាយប្រហារនេះបានបណ្តាលឲ្យមនុស្ស ៧នាក់ស្លាប់ និងប្រហែល ១៧នាក់ផ្សេងទៀតរងរបួស ខណៈមិនទាន់មានព័ត៌មានផ្លូវការអំពីចំនួនអ្នកស្លាប់ និងរបួសពិតប្រាកដត្រូវបានចេញផ្សាយនៅឡើយ ហើយក៏គ្មានភាគីណាមួយ ចេញអះអាងទទួលខុសត្រូវនៅឡើយសម្រាប់ឧបទ្ទវហេតុនេះ។
កងពលតូច al-Baraa Bin Malik បាននិងកំពុងប្រយុទ្ធរួមជាមួយកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) ប្រឆាំងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) នៅទីក្រុង Omdurman ភាគពាយព្យរដ្ឋធានី Khartoum ។
ប្រទេសស៊ូដង់ បានហ៊ុមព័ទ្ធដោយការប៉ះទង្គិចគ្នាហិង្សា រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័ស(RSF) ចាប់តាំងពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣។ អង្គភាពគម្រោងទិន្នន័យទីតាំង និងព្រឹត្តិការណ៍ជម្លោះប្រដាប់អាវុធ បានកត់ត្រាចំនួនអ្នកស្លាប់និងរងរបួស ប្រមាណ ១៣.៩០០ នាក់ ចាប់តាំងពីការចាប់ផ្តើមជម្លោះ។