ភ្នំពេញ៖ ស្ថានទូតថៃប្រចាំកម្ពុជា ដឹកនាំដោយឯកឧត្តម ឈើតគៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា រួមជាមួយវិស័យឯកជន និងសហគមន៍ថៃនៅកម្ពុជា បានរៀបចំកម្មវិធីសប្បុរសធម៌ CSR ស្ថិតនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្នុងគោលបំណងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមថ្នាក់ក្រោមជាតិរបស់កម្ពុជា ដើម្បីឲ្យប្រជាជននៃប្រទេសទាំងពីររីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច និងសង្គមព្រមៗគ្នា។

យោងតាផេកផ្លូវការរបស់ស្ថានទូតថៃប្រចាំកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ ស្ថានឯកអគ្គរាជទូតថៃ បានដឹកនាំក្រុមហ៊ុនឯកជនថៃ ដែលកំពុងបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាចំនួនជាង ១៥ក្រុមហ៊ុន ព្រមទាំងការិយាល័យផ្សេងៗរបស់ស្ថានទូតថៃ បានរួមគ្នាឧបត្ថម្ភគាំទ្រដល់សាលាបថមសិក្សាទួលត្នោតថ្មី រួមទាំងមជ្ឈមណ្ឌលសិក្សាសហគមន៍ទួលត្នោតថ្មី ដែលស្ថានទូតថៃតែងតែងរៀបចំឡើងជារៀងរាល់ឆ្នាំ តាមរយៈការបរិច្ចាគជារបស់របរប្រើប្រាស់ចាំបាច់នៅក្នុងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធនៅក្នុងខេត្ត និងថ្នាក់ក្រោមរបស់កម្ពុជា ព្រមទាំងបាននាំយកគ្រឿងឧបភោគបរិភោគដែលចាំបាច់ប្រគល់ជូនដល់សាលាបឋមសិក្សា និងមជ្ឈមណ្ឌលខាងលើ ដើម្បីជាការលើកទឹកចិត្ត និងផ្តល់កំលាំងចិត្តជូនដល់បុគ្គលិកសិក្សាខាងលើ។

ឯកឧត្តមឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានលើកឡើងក្នុងបណ្តាញសង្គមនេះថា គណៈប្រតិភូថៃសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកម្មវិធីសប្បុរសធម៌នេះ និងជួយបន្តនូវទំនាក់ទំនងល្អរវាងប្រជាជននៃប្រទេសទាំងពីរ ឲ្យកាន់តែស្អិតរមួតខ្លាំងឡើងថែមទៀត ក៏ដូចជាជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមទៅព្រមៗគ្នា។ លើសពីនេះ នឹងជាចំណែកមួយនៅក្នុងការជួយគាំទ្រដល់សកម្មភាពការសិក្សាអប់រំរបស់ខេត្តស្ទឹងត្រែង អាចអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពដែលជាអនាគតដ៏សំខាន់របស់ខេត្ត បន្តទៀត។

បន្ថែមលើនេះ ឯកឧត្តម បានឆ្លៀតឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដើម្បីស្វែងយល់អំពីសក្តានុភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍ រវាងថៃ និងកម្ពុជា ឲ្យកាន់តែខ្លាំងឡើងថែមទៀត ដោយនៅក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានដឹកនាំវិស័យឯកជនថៃរួមគ្នាស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៅក្នុងខេត្តស្ទឹងត្រែង ព្រមទាំងបានធ្វើដំណើរទស្សនកិច្ចទំនប់វារីអគ្គសនីសេសានក្រោម ២ (Hydro Power Lower Sesan 2) និងបានធ្វើដំណើរទេសចរណ៍ទៅកាន់សហគមន៍អេកូទេសចរណ៍កោះហានផងដែរ (Koh Han Community Based Ecotourism)៕









