ភ្នំពេញ ៖ អ្នកឧកញ៉ាបណ្ឌិត ជា រតនា អគ្គនាយកក្រុមហ៊ុន សាន់ & ម៉ូន និងអ្នកឧកញ៉ា សុខ វណ្ណា បានប្រគល់រថយន្តសង្គ្រោះបន្ទាន់ចំនួន ២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនទៅក្រុមការងារ អង្គភាពសេនាតេជោ (វិមាន ឈ្នះ ឈ្នះ) និងមណ្ឌលសុខភាពព្រៃនប់ ខេត្តព្រសីហនុ ។ ក្នុងនោះ លោក លឹម វាសនា ដែលជាសប្បុរសជន បានបរិច្ចាគថវិកាចំនួន ៤ពាន់ដុល្លារ តាមរយៈអ្នកឧកញ៉ាបណ្ឌិត ជា រតនាផងដែរ ។
អ្នកឧកញ៉ាបណ្ឌិត ជា រតនា បានអោយដឹងថា រថយន្តគិលានសង្គ្រោះបន្ទាន់ ទាំង ២គ្រឿងនេះបានបំពាក់ទៅដោយសម្ភារៈបរិក្ខារពេទ្យសង្គ្រោះកំប្លេ សម្រាប់ចល័តអន្តរាគមន៍សង្គ្រោះបន្ទាន់នានា។ រថយន្តសង្គ្រោះបន្ទាន់ដ៏ទំនើប និងថ្លីសន្លាង ទី៦០ និង៦១ ដែលសម្ដេចទាំងទ្វេ បន្តផ្ដល់ជូន តាមរយៈ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងសប្បុរសជននានា នឹងក្លាយជាប្រយោជនសាធារណៈ ដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាជនរងគ្រោះ ដែលជួបឧប្បវហេតុ ឬមានតម្រូវការចាំបាច់ប្រើប្រាស់។ អ្នកឧកញ៉ា បន្ថែមថា សូមអោយអង្គភាពទាំង២ ចូលរួមថែរក្សារថយន្តទាំងនេះ ឱ្យបានល្អទាំងអស់គ្នា ជាពិសេសសូមកុំមានការរើសអើងក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលមានទុក្ខលំបាក គ្មានការប្រកាន់និន្នាកានយោបាយណាមួយ ត្រុវសង្គ្រោះពលរដ្ឋគគ្រប់គ្នា ស្របតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន។
តំណាងអង្គភាពទាំង២ ដែលបានទទួលរថយន្តសង្គ្រោះបន្ទាប់ក៏បានថ្លែងអំណរគុណចំពោះសម្តេចទាំងទ្វេរ ដែលតែងតែគិតគូរដល់ការលំបាករបស់ប្រជាពលរដ្ឋទូទាំប្រទេសប្រទេស ពិសេសក្នុងវិស័យសុុខាភិបាល។ ក្រៅពីការកសាង មណ្ឌលសុខភាពស្ទើគ្រប់ឃុំ សង្កាត់ មន្ទីពេទ្យបង្អែកតាមស្រុក ក៏ដូចជាមន្ទីពេទ្យកម្រិតតំបន់ និងថ្នាកជាតិហើយ នោះ ក៏នៅតេគិតគូរដល់ពលរដ្ឋនៅតំបន់ជាច្រើនទៀតដែលមានតម្រូវចាំបាច់បន្ថែម។
គួររំឮកដែរថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ឯកឧត្ដមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្រសួងការពារជាតិ រួមទាំង អ្នកឧកញ៉ាបណ្ឌិត ជា រតនា, លោកឧកញ៉ា សុខ វណ្ណា និងនាយទាហានជាន់ខ្ពស់ ក្នុងអគ្គបញ្ជាការដ្ឋានជាច្រើនរូបផ្សេងទៀត ក៏ទើបតែប្រគល់រថយន្តគិលានសង្គ្រោះបន្ទាន់គ្រឿងទី៥៩ របស់សម្ដេចតេជោ ហ៊ុន សែន នាយក និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនក្រុមគ្រូពេទ្យនៃមជ្ឈមណ្ឌលហ្វឹកហ្វឺន កងកម្លាំងជំនាញការពារព្រំដែន ស្ថិតក្នុងភូមិសាស្ត្រឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ផងដែរ ៕ អត្ថបទ៖ សូដាវណ្ណ






