ភ្នំពេញ ៖ គណៈប្រតិភូរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការទី៩ រួមនិង ឯកឧត្តម ឃឹងនុភាព ឯកឧត្តម ញឿន រ៉ាដែន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អមដោយលោក លី ម៉េងទីត ប្រធានការិយាល័យអាស៊ាន-អាយប៉ា បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី“ការអនុវត្តអភិបាលកិច្ចល្អរបស់សភា/ Workshop onParliamentary Good Governance Practices” ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ដែលបានការសហការរៀបចំដោយលេខាធិការដ្ឋានព្រឹទ្ធសភានៃព្រះរាជាណាចក្រថៃ និងមជ្ឈមណ្ឌលសភាអាស៊ី (PCAsia)។
សិក្ខាសាលានេះគឺមានគោលបំណង ដើម្បីប្រៀបធៀបការអនុវត្តអភិបាលកិច្ចសភា និងក្រមសីលធម៌ពីសភាផ្សេងៗគ្នាមកពីអាស៊ី ក្នុងក្របខ័ណ្ឌនយោបាយ និងរដ្ឋធម្មនុញ្ញផ្សេងៗគ្នា។ដើម្បីពិភាក្សាអំពីរបៀបអនុវត្តអភិបាលកិច្ចផ្សេងៗគ្នា រួមទាំងក្រមសីលធម៌របស់សភា អាចត្រូវបានអនុវត្តនៅក្នុងសភាជាន់ខ្ពស់ និងសភាជាន់ទាបនៃសភាសមាជិកអាយប៉ា។ ដើម្បីពិភាក្សាអំពីជម្រើសលើការបង្កើតក្រមសីលធម៌/គោលការណ៍ណែនាំ ដោយសង្កត់ធ្ងន់លើគោលការណ៍អភិបាលកិច្ចល្អនៃតម្លាភាព និងគណនេយ្យភាព។និងដើម្បីពិភាក្សាបន្ថែមអំពីជំហានបន្ទាប់ដែលបានផ្ដល់អនុសាសន៍ ដែលអាចរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ៕ ដោយ ៖ បាន ចក់








