កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត រួមនិងក្រុមការងាររដ្ឋបាលខេត្ត បានជួបជាមួយតំណាងអាជីវករផ្សារកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ចំនួន២៥ នាក់(តំណាងអាជីវករមានតូបក្នុងផ្សារ ៥០ តូប) ដែលបានសំណូមពរដល់តំណាងក្រុមហ៊ុនវិនិយោគផ្សារកំពង់បឹងសន្តិភាព ពន្យាពេលសាងសង់ផ្សាររយៈពេល ៣ ឆ្នាំ ដើម្បីទុកលទ្ធភាពដល់បងប្អូនអាជីវករដែលកំពុងជួបការលំបាកក្រោយអំឡុងពេលកូវីដ១៩ និងកត្តាសេដ្ឋកិច្ចសកល បានបន្តលក់ដូរសិន ។
ក្រោមការសម្របសម្រួលរបស់ឯកឧត្តមអភិបាលខេត្តយុទ្ធសាស្ត្រឈ្នះឈ្នះ គិតត្រឹមម៉ោង ១ រសៀល បានសម្រេចគោលការណ៍ឯកភាពដូចខាងក្រោម ៖
១ - តំណាងក្រុមហ៊ុនវិនិយោគបានឯកភាពរយៈពេលសរុប០៥ ឆ្នាំ
គិតចាប់ពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នេះរហូតដើមខែកញ្ញា ឆ្នាំ២០២៥ (រយៈពេល ១ឆ្នាំ កន្លះ) ទើបខាងក្រុមហ៊ុនចាប់ផ្តើមសាងសង់ ហើយតម្រូវឲ្យអាជីវកររើតូបលក់ដូរ ទៅទីតាំងដីអគារគ្រោះមហន្តរាយ និងតាមបណ្តោយផ្លូវបេតុងក្បែរផ្សារកំពង់បឹង ។
២-ចាប់ពីកំឡុងខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុនវិនិយោគចាប់ផ្តើមដំណើការសាងសង់ផ្សារ រយៈពេល ១៨ ខែ ។
៣-ក្រោយសាងសង់ផ្សារកំពង់បឹងសន្តិភាពរួច ទើបអនុញ្ញាតឲ្យអាជីវករជួលតូប ចូលលក់ដូរក្នុងផ្សារដោយមិនយកថ្លៃជួលតូបរយៈពេល ២ឆ្នាំបន្តទៀត និងតម្រូវបង់តែថ្លៃភាស៊ីផ្សារតែប៉ុណ្ណោះ ។
តំណាងអាជីវករមានក្តីរីករាយ និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូនសម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារ ដើម្បីជួយសម្រួលទុកលំបាករបស់ពួកគាត់ទាំងអស់គ្នា ដែលពួកគាត់ស្នើសុំរយៈពេលតែ ៣ ឆ្នាំ តែក្រុមហ៊ុនឯកភាពជូនពួកគាត់រហូតដល់៥ ឆ្នាំ ៕ ដោយ ៖ កាំង ហុងវាស្នា



