ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (០២ មេសា) ថាប្រទេសហៃទី កំពុងមើលឃើញការរំលោភសិទ្ធិមនុស្សក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្រហៃទីសម័យទំនើប ស្របពេលមានស្ថានភាពចលាចលដែលបង្កឡើងដោយអំពើហិង្សារបស់ក្រុមជនអន្ធពាល។

នៅក្នុងពេលដែលអវត្ដមាននៃដំណើរការរដ្ឋាភិបាល លោក វ៉ុលឃើ ធឺក (Volker Turk) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានបញ្ជាក់ថាមាន «ការកើនឡើងគួរឱ្យភ្ញាក់ផ្អើលក្នុងការសម្លាប់ និងការចាប់ជំរិត» ក៏ដូចជាអំពើហិង្សាផ្លូវភេទរីករាលដាល ដែលលោកបានព្រមានថាទំនងជាឈានដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។

ប្រទេសហៃទី បានធ្លាក់ចូលទៅក្នុងជម្លោះកាន់តែអាក្រក់នៅពេលដែលក្រុមជនអន្ធពាល បានប្រជែងគ្នាដណ្តើមគ្រប់គ្រងរដ្ឋធានី ព័រអូប្រាំង វាយប្រហារស្ថានីយ៍នគរបាល និងព្រលានយន្តហោះអន្តរជាតិក្នុងចំណោមអំពើហិង្សាផ្សេងទៀត។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីសប្តាហ៍មុនថា អំពើហឹង្សារបស់ក្រុមជនអន្ធាពាលបានសម្លាប់មនុស្សជាង ១.៥០០ នាក់ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ៕
