អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារ (០២ មេសា) ថាការវាយប្រហារដោយយោធាអ៊ីស្រាអែល ក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ បានបំផ្លាញកន្លែងព្យាបាលដ៏ធំបំផុតរបស់តំបន់ហ្កាហ្សា គឺមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al-Shifa) ដោយបាន «កាត់ផ្ដាច់សរសៃរឈាមដ៏សំខាន់» ចេញពីប្រព័ន្ធថែទាំសុខភាពរបស់តំបន់ហ៊ុមព័ទ្ធនេះ។

អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក លោកស្រី ម៉ាហ្ការ៉េត ហារីស (Margaret Harris) បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទប្រចាំសប្តាហ៍របស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ថា «ក្រុមនាយកនៃមណ្ឌលវេជ្ជសាស្រ្តនេះ បានប្រាប់យើងថា មន្ទីរពេទ្យ អាល់ស៊ីហ្វា ត្រូវបានបាត់បង់ទៅហើយ»។

យ៉ាងហោចណាស់អ្នកជំងឺ ២១ នាក់បានស្លាប់ក្នុងអំឡុងពេលឡោមព័ទ្ធមន្ទីរពេទ្យរបស់អ៊ីស្រាអែល។ ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិមួយនេះ បានព្យាយាមជាច្រើនថ្ងៃដើម្បីទៅដល់មន្ទីរពេទ្យ អាល់ស៊ីហ្វា និងកន្លែងសុខភាពចុងក្រោយរបស់ហ្កាហ្សា ភាគខាងជើង ក្នុងគោលបំណងនាំយកឱសថ ប្រេងឥន្ធនៈ និងអាហារ និងដើម្បីវាយតម្លៃថាតើការផ្គត់ផ្គង់បន្ថែមអ្វីខ្លះដែលត្រូវការដើម្បីជួយសង្រ្គោះអ្នកជំងឺដែលនៅសេសសល់។
ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយថា បេសកកម្មភាគច្រើនរបស់ខ្លួនទៅកាន់មន្ទីរពេទ្យនោះត្រូវបាន «បដិសេធ» ដោយអាជ្ញាធរអ៊ីស្រាអែល៕
