អគ្គមេធាវីរបស់ប្រទេសប៉េរូ បាននិយាយកាលពីថ្ងៃអង្គារ (០២ មេសា) ថាការស៊ើបអង្កេតលើប្រធានាធិបតីប៉េរូ លោកស្រី ឌីណា បូលូអាតតេ (Dina Boluarte) ត្រូវបានពង្រីកដោយរួមបញ្ចូលទាំងខ្សែដៃប្រ៊េន កាទែ (Cartier) តម្លៃ ៥៦.០០០ ដុល្លារអាមេរិកនៅក្នុងកម្មសិទ្ធិរបស់សលោកស្រី និងប្រាក់ ១,១ លានសូល (រូបិយប័ណ្ណប៉េរូ) ដែលប្រហែលនឹង ២៩៨,០៧០ ដុល្លារអាមេរិក នៅក្នុងប្រាក់បញ្ញើធនាគារដែលមាន «ប្រភពដើមមិនច្បាស់លាស់»។

លោកស្រី បូលូអាតតេ កំពុងស្ថិតក្រោមការស៊ើបអង្កេតមួយរួចទៅហើយលើការកាន់កាប់នាឡិកាដៃម៉ាក រូឡិច (Rolex) ដ៏មានតម្លៃថ្លៃចំនួន ៣ គ្រឿងរបស់ខ្លួន។
លោកអគ្គមេធាវី វ័ន វីលឡេណា (Juan Villena) បាននិយាយទៅកាន់គណៈកម្មការសភាមួយថា ការស៊ើបអង្កេតត្រូវបានពង្រីកកាលពីថ្ងៃច័ន្ទ ហើយរួមបញ្ចូលការពិនិត្យមើលលើគ្រឿងអលង្ការដែលមានតម្លៃប្រមាណ ៥០០.០០០ ដុល្លារដែលលោកស្រី បូលូអាតតេ ត្រូវគេថតរូបបាន ដោយលោកស្រីប្រើក្នុងអំឡុងពេលព្រឹត្តិការណ៍សាធារណៈ។
ប្រាក់បញ្ញើចូលទៅក្នុងគណនីធនាគាររបស់លោកស្រី បូលូអាតតេ នោះមានកាលបរិច្ឆេទពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២២ មុនពេលលោកស្រីធ្វើជាប្រធានាធិបតី។ នៅពេលនោះលោកស្រី បូលូអាតតេ បានអះអាងថា គណនីធនាគារគឺជាគណនីចែករំលែក នៅពេលដែលខ្លួនជាប្រធានក្លឹបប្រចាំតំបន់ ហើយបានបដិសេធថាមិនបានធ្វើរាល់អំពើពុករលួយដូចដែលត្រូវចោទប្រកាន់នេះទេ៕
