ប្រជាពលរដ្ឋក្រុងតូក្យូ និងភ្ញៀវទេសចរ កាលពីថ្ងៃអង្គារទី២មីនា បានសម្រុកទៅកាន់ឧស្យានជិតព្រះរាជដំណាក់ព្រះចៅអធិរាជ ដើម្បីគយគន់ផ្កាសាគូរ៉ាកំពុងរីកគ្រប់ដើម មុនរដូវភ្លៀងធ្លាក់ចូលមកដល់ ដែលទំនងជាធ្វើឲ្យផ្ការីកពណ៌ផ្កាឈូកដ៏ស្រស់ស្អាត ធ្លាក់ចេញពីដើម។

រដូវផ្ការីក ក្នុងរដ្ឋធានីរបស់ជប៉ុន បានចាប់ផ្ដើមកាលពីថ្ងៃសុក្រទី២៩ មីនា ខែមុន ជាការរីកចុងក្រោយ ក្នុងរយៈពេល១០ចុងក្រោយ ដោយសារសីតុណ្ហភាពធ្លាក់ចុះកាលពីខែមីនា។ ផ្ការីកពេញរដូវ Cherry blossomsឬ ផ្កា "sakura"រីក តាមធម្មតា មានរយៈពេលប្រហែលមួយសប្ដាហ៍ ទៅ១០ថ្ងៃ បន្ទាប់ពីបានរីកដំបូង។

ប្រពីណៃនៃការគយគន់ផ្កាសាគូរ៉ារីក បានទាក់ទាញមនុស្សយ៉ាងច្រើនដែលទៅកាន់ឧស្យាននានាដើម្បីអង្គុយ ច្រៀង និងទទួលទានភេសជ្ជៈផ្សេងៗ នៅក្រោមដើមសាគូរ៉ា មើលផ្ការីក។
លោក Akira Kamo និងភរិយា របស់លោកគឺ អ្នកស្រី Kinuyo ដែលបានទៅទស្សនាសួនផ្កាសាគូរ៉ា ពីខេត្តហ៊ីរ៉ូស៊ីម៉ា បានរំពឹងថានឹងអាចមើលឃើញផ្កាសាគូរ៉ារីក ពេញរដូវ និងមានចិត្តរីករាយខ្លាំងដែលបានមកទស្សនាផ្ការីក នៅពេលនេះ ។ ពួកគេនិយាយថា នឹងត្រឡប់មកកាន់ទីក្រុងតូក្យូជាថ្មីទៀត នៅឆ្នាំក្រោយៗ ដើម្បីគយគន់ផ្ការីក ដ៏ស្រស់ស្អាតទាំងនោះ៕
