ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សជាង ១០០.០០០ នាក់បានចុះឈ្មោះចូលបម្រើយោធាក្រោមកិច្ចសន្យានៅក្នុងកងកម្លាំងប្រដាប់អាវុធរុស្ស៊ី នៅឆ្នាំនេះ។
ក្រសួងបន្ថែមថា ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ភាគច្រើននៃអ្នកចុះឈ្មោះចូលបម្រើការបាននិយាយថា ពួកគេចង់សងសឹកឱ្យជនរងគ្រោះនៃការបាញ់ប្រហារនៅសាលប្រគុំតន្ត្រីថ្ងៃទី ២២ ខែមីនា នៅជិតទីក្រុងមូស្គូ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៤ នាក់។

ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមបានអះអាងទទួលខុសត្រូវលើការវាយប្រហារនោះ ប៉ុន្តែរុស្ស៊ីនិយាយថា ជនល្មើសមានទំនាក់ទំនងជាមួយអ៊ុយក្រែន ជាអ្វីដែលទីក្រុង គីវ បានបដិសេធម្តងហើយម្តងទៀត។ កងកម្លាំងយោធារុស្ស៊ី បានចាប់ផ្តើមការលុកលុយទ្រង់ទ្រាយធំនៅក្នុងប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ដែលចាប់តាំងពីពេលនោះមកបានធ្វើឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើនទាំងសងខាង និងមនុស្សរាប់លាននាក់ត្រូវផ្លាស់ទីលំនៅ ដែលបង្កឱ្យតម្រូវការទាហានថ្មីកើនឡើងខ្លាំង។
ក្រុមមន្ត្រីអាមេរិក កាលពីខែសីហា បានដាក់ចំនួនទាហានអ៊ុយក្រែន ដែលបានស្លាប់ដល់ទៅ ៧០.០០០ នាក់ និងរបួសដល់ទៅ ១២ ម៉ឺននាក់។ ពាក់ព័ន្ធនឹងការខាតបង់របស់រុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelensky) កាលពីខែកុម្ភៈ ឆ្នាំនេះបាននិយាយថា ទាហានរុស្ស៊ី ១៨០.០០០ នាក់ត្រូវបានសម្លាប់ និងរាប់ម៉ឺននាក់ទៀតរងរបួស៕
