កោះកុង ៖ លោក ទិត្យ សុផា រស់នៅឃុំបឹងព្រាវ ជាឪពុករបស់ឈ្មោះ ផុន កុលចំរើន អាយុ៣២ឆ្នាំ ម្ចាស់ហ្វេសប៊ុកផេនឈ្មោះ«ស្លាបប៉ាកកាទេវរាជ»បានចេញមុខសុំទោសប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាមហាជនអ្នកលេងហ្វេសប៊ុក ក្រោយកូនរបស់លោកមានជំងឺសរសៃប្រសាទបង្ហោះរិះគន់ការចាក់វ៉ាក់សាំងយកកាត ជាការរៀបគម្រោងប្លង់អាយុជីវិតប្រជាជនខ្មែរ របស់រាជរដ្ឋាភិបាល។
លោក ទិត្យ សុផា អាយុ៥៧ឆ្នាំ មុខរបរបើកកន្លែងព្យាបាលជំងឺទូទៅ នៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង បានពន្យល់ថា កូនប្រុសរបស់គាត់មួយនេះមានអាការៈសតិអារម្មណ៍ខុសប្រក្រតី ក្រោយភរិយាលោកមរណភាពកាលពីឆ្នាំ២០១៥ កន្លងទៅ ហើយចាប់តាំងពីពេលនោះមក បាន៣ទៅ៤ខែឈ្មោះ ផុន កុលចំរើន ចេះតែនិយាយស្តីបែបររើរវាយស្មារតីមិននឹងននិយាយតែផ្ដេសផ្ដាសខុសធម្មតា។
លោក បន្ថែមទៀតថា ប៉ុន្មានថ្ងៃក្នុងខែកក្កដា ឆ្នាំ២០២១ កូនប្រុសរបស់លោកបានបង្ហោះហ្វេសប៊ុករិះគន់ការចាក់វ៉ាក់សាំងរបស់ប្រទេសចិន មិនទាន់មានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ការចាក់វ៉ាក់សាំងយកកាត គឺជាការរៀបគម្រោងប្លន់អាយុជីវិតប្រជាជនខ្មែររបស់រដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ និងតាំងខ្លួនសែលោហិតរាជវង្សព្រះអង្គម្ចាស់ ស៊ី វុត្ថា ដែលជាបុត្រារបស់ព្រះអង្គឌួង ជាដើម។
បញ្ហាកំហុសឆ្គងរបស់កូនប្រុស គឺត្រូវបានលោក សុផា ស្រាយបំភ្លឺថារឿងមិនពិតប្រាកដនោះទេព្រោះសតិមិនគ្រប់គ្រាន់។ ក្នុងនាមជាឪពុក លោក ទិត្យ សុផា សុំអភ័យទោសដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងសាធារណជនទូទៅ មេត្តាក្តីយោគយល់ អនុគ្រោះចំពោះទង្វើមិនគួរគាប់របស់កូនដែលមានជំងឺប្រសាទប្រចាំកាយ។ ដូច្នេះកុំមានការភ័ន្តច្រឡំ ឬចាត់ទុកពាក្យសម្តីមិនគប្បីដែលឈ្មោះ កុលចំរើន រឿងផ្លូវការបន្តទៀត។
លោក ទិត្យ សុផា ដែលជាឪពុកបង្កើតរបស់ម្ចាស់ហ្វេសប៊ុកស្លាបប៉ាកកាទេវរាជ ក៏បាននាំរូបគេទៅពិនិត្យធ្វើរោគវិនិច្ឆ័យសុខភាព ហើយគ្រូពេទ្យបានបញ្ជាក់ដែរថា កូនរបស់គាត់ពិតជាមានជំងឺសរសៃរប្រសាទប្រាកដមែន ព្យាបាលនៅមន្ទីរពេទ្យរុស្សីប្រើប្រាស់ជាបន្តបន្ទាប់។
បើតាមការបញ្ជាក់បន្ថែមពីលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ថា ពេលអនុវត្ត ការថ្នាំលេបព្យាបាលអស់តាមចំនួន រូបលោកជាឪពុកនិយាយលួងលោមកូន ដើម្បីទៅយកថ្នាំបន្តពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ ក៏ប៉ុន្តែត្រូវអ្នកជំងឺគេចវេសមិនទៅ អំឡុងពេលនោះអារម្មណ៍របស់កូនប្រុសគាត់ចេះតែនិយាយគ្មានការពិចារណាដែលធ្វើឱ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា និងសាធារណៈជន។
លោកស្នងការនគរបាលខេត្តកោះកុង និងលោក ទិត្យ សុផា លើកឡើងដំណាលគ្នាថា ការបង្ហោះហ្វេកប៊ុករិះគន់នានា រយៈពេលចុងក្រោយនេះ បុគ្គលឈ្មោះ ផុន កុលចំរើន ពុំបានរួមរស់នៅជាមួយក្រុមគ្រួសារបងប្អូនឡើយ ព្រោះតែការមិនស្តាប់ការអប់រំណែនាំរបស់ឪពុក និងកិច្ចសន្យាលើទី១ ជាមួយសមត្ថកិច្ចនគរបាល រូបគេក៏សុំចិត្តទៅធ្វើខ្ទមមួយនៅកណ្តាលវាលស្រែ ដែលឆ្ងាយពីផ្ទះតែម្នាក់ឯង។
បន្ថែមលើនេះ លោកស្នងការនគរបាល អំពាវនាវដល់មហាជនទាំងអស់ មេត្តាកុំបន្តចាញ់បោកការបង់ថវិកាចូលតាមសំណេររបស់បុគ្គល កុលចំរើន ចំពោះវីដេអូរបស់គេដែលបានបង្ហោះតាមវេលុយលេខកុងធនាគារABAផេកហ្វេសប៊ុកមួយនេះ។ លុះ៦ថ្ងៃក្រោយមកគិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ថ្មីៗនេះ បាត់ដំណឹងសូន្យឈឹងមិនដឹងបុគ្គល កុលចំរើន ទៅទីណានោះទេ ឪពុកទាក់ទងទៅកូនស្រីរបស់លោកនៅឯភ្នំពេញ ក៏កូនស្រីនិយាយថាមិនបានឃើញរូបបងប្រុសដែរ។ ឥឡូវលោក ទិត្យ សុផា បានសន្យាចំពោះមុខសមត្ថកិច្ចជំនាញថានឹងខិតខំស្វែងរកកូនរបស់ខ្លួនឱ្យឃើញ ដើម្បីនាំយកមកផ្ទះវិញ ដោយសារកូនគាត់ម្នាក់នេះមានសតិមិនប្រក្រតី ហើយឈប់ឱ្យគេប្រើទូរស័ព្ទស្មាតហ្វូនបន្តទៀត ព្រមទាំងប្រគល់ឱ្យសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំណែនាំលើកទី២ ក្នុងករណីមិនរាងចោល នឹងអនុវត្តទៅតាមវិធានការច្បាប់៕
អត្ថបទ ៖ ឈឹម មករា





