
ប្រធានាធិបតីជាប់ឆ្នោតរបស់ប្រទេសឥណ្ឌូនេស៊ី លោក Prabowo Subianto នៅថ្ងៃពុធ (ទី៣ ខែមេសា) នេះ បានប្រាប់នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ថា លោកចង់ឲ្យកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ ដោយការសម្ដីនេះកើតមានត្រឹមតែ ២ថ្ងៃប៉ុណ្ណើបន្ទាប់ពីបានប្រាប់ប្រធានាធិបតីចិនលោក Xi Jinping ថា លោកមានបំណងចង់បានទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំង២។
លោក Prabowo បានប្រាប់លោក Kishida ក្នុងកិច្ចប្រជុំនៅទីក្រុងតូក្យូថា៖ «យើងបានកសាងទំនាក់ទំនងសហប្រតិបត្តិការ ហើយកំពុងរីកចម្រើនជាលំដាប់ ដែលខ្ញុំចង់ពង្រឹងទំនាក់ទំនងនោះឲ្យកាន់តែរឹងមាំឡើង»។
គួរបញ្ជាក់ថា លោក Prabowo ដែលធ្លាប់បាននិយាយថា ប្រទេសដែលមានប្រជាជនច្រើនជាងគេទី៤ របស់ពិភពលោក បានប្តេជ្ញាចិត្តចំពោះគោលនយោបាយមិនចូលបក្សសម្ព័ន្ធនោះ បានទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន បន្ទាប់ពីបានធ្វើដំណើរទៅកាន់ប្រទេសចិន កាលពីថ្ងៃចន្ទ (ទី១ ខែមេសា) ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក គិតចាប់តាំងពីលោកបានឈ្នះការបោះឆ្នោតប្រធានាធិបតីឥណ្ឌូនេស៊ី កាលពីខែកុម្ភៈ។
លោក Prabowo ដែលជារដ្ឋមន្ត្រីការពារជាតិបច្ចុប្បន្ន និងជាអតីតមេបញ្ជាការកងកម្លាំងពិសេស នឹងស្បថចូលកាន់តំណែងក្រោមអធិបតីភាពរបស់ប្រធានាធិបតីក្នុងតំណែងលោក Joko Widodo នៅខែតុលា។
ដើម្បីទទួលបានឥទ្ធិពលនៅក្នុងតំបន់យុទ្ធសាស្ត្រ ទាំងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង កំពុងល្បួងលួងលោមបណ្ដាប្រទេសប្រជាជាតិអាស៊ីអាគ្នេយ៍ដែលកំពុងតែប្រជែងគ្នាក្នុងសមុទ្រចិនខាងត្បូង ដែលត្រូវប្រទេសចិនអះអាងកាន់កាប់ដោយភាគច្រើន៕