
អ្នកវិទ្យាសាស្ត្រនយោបាយបាននិយាយថា ការទម្លាក់សន្លឹកទៅក្នុងធុងរបស់អ្នកបោះឆ្នោតដែលនៅរារែក សម្រាប់ការបោះឆ្នោតសភារបស់ប្រទេសកូរ៉េខាងត្បូង នាថ្ងៃពុធ (ទី១០ ខែមេសា) សប្តាហ៍ក្រោយ អាចនាំទៅដល់ការលេចឡើងនូវភាគីទី៣ ដែលគ្រប់គ្រងតំណែងសំខាន់ៗក៏ថាបាន។
យោងតាមអ្នកជំនាញបានឲ្យដឹងថា គណបក្សធំៗទាំង២ បាននិងកំពុងពង្រីកយុទ្ធនាការរបស់ពួកគេ នៅមុនការបោះឆ្នោត ហើយវាហាក់ដូចជាការប្រណាំង កំពុងតែតឹងតែងឡើងៗ រវាងគណបក្សទាំង២។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ និងការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Duksung Women's គឺលោក Cho Jin-man បានប្រាប់ថា៖ «ខណៈពេលដែលហាក់ដូចជាមានអ្នកបោះឆ្នោតដែលមិនទាន់បានសម្រេចចិត្តច្បាស់លាស់ ក្នុងចំនួនដ៏ច្រើន វាពិតជាមានសារៈសំខាន់ណាស់ថា តើមានមនុស្សប៉ុន្មាននាក់នឹងបោះឆ្នោត ហើយតើអ្នកបោះឆ្នោតប៉ុន្មាននាក់ នឹងវាយតម្លៃរដ្ឋបាលបច្ចុប្បន្ននេះ»។ លោកបានបន្ថែមថា អ្នកបោះឆ្នោតមានការធុញទ្រាន់នឹងគណបក្សធំៗទាំង២។
គួរបញ្ជាក់ថា អ្នកបោះឆ្នោតកូរ៉េខាងត្បូងនឹងទៅបោះឆ្នោតដើម្បីជ្រើសរើសសមាជិកសភាចំនួន ៣០០នាក់ ហើយគណបក្សអំណាចប្រជាជន (PPP) ដែលគាំទ្រដោយប្រធានាធិបតីលោក Yoon Suk Yeol ប្រឈមនឹងការលំបាកយ៉ាងធ្ងន់ធ្ងរ ក្នុងការប្រជែងដណ្តើមយកសំឡេងភាគច្រើនមកវិញ ដែលឥឡូវនេះត្រូវបានកាន់កាប់ដោយគណបក្សប្រឆាំង គឺគណបក្សប្រជាធិបតេយ្យ (DP)។
ប៉ុន្តែយ៉ាងណាក្ដីនៅដើមឆ្នាំនេះ គណបក្សប្រឆាំងតូចមួយ ដែលមិនត្រូវមើលរំលងនោះ គឺគណបក្ស «Rebuilding Korea Party» (កសាងកូរ៉េឡើងវិញ)។ គណបក្សនេះត្រូវបានបង្កើតឡើងដោយអតីតរដ្ឋមន្ត្រីយុត្តិធម៌ដែលអាប់កិត្តិយស គឺលោក Cho Kuk ហើយឥឡូវនេះ គណបក្សនេះបានលេចមុខឡើង ក្នុងនាមជាអ្នករារាំងដ៏មានសក្តានុពលបំផុត ចំពោះឱកាសរបស់គណបក្សធំៗទាំង២ ក្នុងការទទួលបានសំឡេងភាគច្រើន នៅក្នុងការបោះឆ្នោតនេះ៕