
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសបារាំងនៅទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ (ទី២ ខែមេសា) ហើយបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដែលកំពុងបន្តមានជាមួយតំបន់អឺរ៉ុប ដើម្បីគាំទ្រអ៊ុយក្រែន។
លោក Blinken និងលោក Sebastien Lecornu បានជួបគ្នានៅឃ្លាំងផ្ទុកយន្តហោះប្រព័ន្ធការពារជាតិ Nexter (Nexter Defence Systems Hangar) ក្នុងទីក្រុងប៉ារីស ជាកន្លែងដែលពួកគេត្រូវបានបង្ហាញឲ្យឃើញពីឧបករណ៍យោធា និងគ្រាប់រំសេវដែលបារាំងបាន និងកំពុងបញ្ជូនទៅកាន់អ៊ុយក្រែន។
ក្នុងជំនួបនោះ លោក Blinken បានគូសបញ្ជាក់ពីបរិមាណនៃធនធានដែលបារាំង និងអឺរ៉ុបបានផ្តល់ឲ្យអ៊ុយក្រែន ខណៈប្រទេសមួយនេះនៅតែបន្តការពារខ្លួនទប់ទល់នឹងរុស្ស៊ី។ តែយ៉ាងណាក្ដី លោកបានបន្ថែមថា អ៊ុយក្រែនស្ថិតក្នុង «ពេលវេលាដ៏សំខាន់» ហើយលោកបានប្រើឱកាសនេះអំពាវនាវឲ្យសភាសហរដ្ឋអាមេរិកអនុម័តសំណើថវិកាបន្ថែម ដែលនឹងអនុញ្ញាតឲ្យសហរដ្ឋអាមេរិកបញ្ជូនធនធានបន្ថែមទៀតទៅកាន់អ៊ុយក្រែន។
គេរំពឹងថា លោក Blinken នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសបារាំងលោក Sephane Sejourne និងប្រធានាធិបតីបារាំងលោក Emmanuel Macron មុនពេលធ្វើដំណើរទៅកាន់ទីក្រុងប៊្រុចសែល ប្រទេសបែលហ្ស៊ិក ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់អង្គការណាតូ នៅថ្ងៃពុធ (ទី៣ ខែមេសា) នេះ៕