
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese នៅថ្ងៃពុធ (ទី៣ ខែមេសា) នេះ បាននិយាយថា ប្រទេសរបស់លោកមានការខឹងសម្បានឹងការស្លាប់ ដែលមិនអាចទទួលយកបានជាដាច់ខាតរបស់បុគ្គលិកផ្ដល់ជំនួយអូស្ត្រាលីម្នាក់ នៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល តែបានប្រាប់ថា អ៊ីស្រាអែលបានប្តេជ្ញាចិត្តស៊ើបអង្កេតយ៉ាងល្អិតល្អន់។
លោក Albanese បាននិយាយថា លោកបានសន្ទនាជាមួយសមភាគីអ៊ីស្រាអែលលោក Benjamin Netanyahu ហើយបានបង្ហាញពីកំហឹង និងការព្រួយបារម្ភរបស់ប្រទេសអូស្ត្រាលី ចំពោះការស្លាប់របស់បុគ្គលិកផ្ដល់ជំនួយ គឺលោកស្រី Zomi Frankcom ។
គួរបញ្ជាក់ថា ជនជាតិអូស្ត្រាលី លោកស្រី Lalzawmi «Zomi» Frankcom គឺស្ថិតក្នុងចំណោមមនុស្ស ៧នាក់ដែលត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល កាលពីថ្ងៃចន្ទ (១ មេសា) ខណៈពេលដែលកំពុងបំពេញការងារឲ្យអង្គការសប្បុរសធម៌ World Central Kitchen ក្នុងតំបន់ហ្កាហ្សា។ ការវាយប្រហារលើក្បួនរថយន្តរបស់អង្គការ World Central Kitchen បានសម្លាប់ពលរដ្ឋអូស្ត្រាលី អង់គ្លេស និងប៉ូឡូញ ព្រមទាំងជនជាតិប៉ាឡេស្ទីន និងពលរដ្ឋសញ្ជាតិ២ គឺសហរដ្ឋអាមេរិក និងកាណាដា។
យោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា ចាប់តាំងពីខែតុលាមក យ៉ាងហោចណាស់មានបុគ្គលិកមនុស្សធម៌ចំនួន ១៩៦នាក់ហើយ ត្រូវបានសម្លាប់នៅតំបន់ហ្កាហ្សា ហើយនៅមុននេះ ក្រុមហាម៉ាសបានចោទប្រកាន់អ៊ីស្រាអែលថា បានកំណត់គោលដៅលើទីតាំងចែកចាយជំនួយ៕