
ប្រជាពលរដ្ឋរស់នៅខេត្តភាគនិរតី Okinawa ប្រទេសជប៉ុន បានរត់រកទីទួលខ្ពស់នៅថ្ងៃពុធនេះ ក្រោយការរញ្ជួយដីនៅកោះតៃវ៉ាន់ បង្កឲ្យមានការព្រមានពីរលកស៊ូណាមិ ។
វីដេអូដែលទទួលបានពីទីក្រុង Naha ដែលជាទីក្រុងធំបំផុតរបស់ខេត្ត Okinawa ឃើញមនុស្សនាំគ្នាឡើងតាមកាំជណ្តើរដើម្បីគេចចេញពីការព្រមានចំពោះរលកស៊ូណាមិកម្ពស់ ៣ម៉ែត្រ ។
ទោះបីជាយ៉ាងណាក៏ដោយ រលកទាបៗកម្ពស់ ៣០សង់ទីម៉ែត្រប៉ុណ្ណោះ ត្រូវបានគេរកឃើញមាននៅកោះ Ishigaki ដែលស្ថិតនៅចម្ងាយប្រហែល ៣០០គ.មភាគខាងកើតកោះតៃវ៉ាន់ ។
រញ្ជួយដីកម្រិត ៧,៤ រ៉ិចទ័រ បានបណ្តាលឲ្យអគារជាច្រើនខ្នងបាក់រលំនៅក្នុងទីក្រុង Hualienជាទីក្រុងនៅជិតចំណុចកណ្តាលបំផុតនៃការរញ្ជួយដី ។
រំញ័រខ្លាំងបំផុតមិនធ្លាប់មាន ដែលបានវាយប្រហារកោះតៃវ៉ាន់ក្នុងរយៈពេល២៥ឆ្នាំមកនេះ ក៏ត្រូវបានគេដឹងថាបានកើតឡើងនៅតំបន់ភ្នំរបស់កោះតៃវ៉ាន់ ដែលបណ្តាលឲ្យមានបំណាក់ដីធំៗ ។
សូមបញ្ជាក់ថា ការរញ្ជួយដីគឺជារឿងធម្មតានៅក្នុងប្រទេសជប៉ុន ដែលជាតំបន់សកម្មបំផុតមួយរបស់ពិភពលោក។ ប្រទេសជប៉ុនមានចំនួនប្រហែលមួយភាគប្រាំនៃការរញ្ជួយដីនៅលើពិភពលោកដែលមានកម្រិត៦រ៉ិចទ័រ ឬខ្ពស់ជាងនេះ ។
កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២១កន្លងទៅ តំបន់ឆ្នេរសមុទ្រភាគខាងជើង ត្រូវបានអង្រួនដោយរញ្ជួយដីកម្រិត៩រ៉ិចទ័រ ជាការរញ្ជួយខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជប៉ុន និងមានរលកស៊ូណាមិដ៏ធំ ។
ព្រឹត្តិការណ៍ទាំងនោះ បានបង្កឲ្យមានជាវិបត្តិនុយក្លេអ៊ែរដ៏ធ្ងន់ធ្ងរបំផុតរបស់ពិភពលោក ចាប់តាំងពីគ្រោះមហន្តរាយរោងចក្រនុយក្លេអ៊ែរ Chernobyl របស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៦ មេសា ឆ្នាំ១៩៨៦ ៕