
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោកយ៉ូអាវ ហ្គាឡែនធ៍ បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហាម៉ាស បាន «ឈប់ដំណើរការ ជាអង្គការយោធា នៅក្នុងផ្នែកភាគច្រើននៃតំបន់ហ្កាហ្សាស្ទ្រីប»។
ការអត្ថាធិប្បាយរបស់លោកហ្គាឡែនធ៍ បានធ្វើឡើងក្នុងអំឡុងសន្និសីទស្តីពីកិច្ចប្រតិបត្តិការ នៅចំពោះមុខគណៈកម្មាធិការកិច្ចការបរទេស និងការពារជាតិរបស់អ៊ីស្រាអែល នៅទីក្រុងតែលអាវីវ (Tel Aviv)។
លោកហ្គាឡែនធ៍ បានបង្ហាញពីវឌ្ឍនភាពរបស់អ៊ីស្រាអែលក្នុងការរុះរើក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ស្ទ្រីប ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងបន្ត ដើម្បីប្រគល់ចំណាប់ថ្នូរដែលត្រូវបានចាប់ខ្លួន ក្នុងអំឡុងការវាយប្រហារដ៏ឃោរឃៅរបស់ក្រុមសកម្មប្រយុទ្ធកាលពីថ្ងៃទី៧ ខែតុលា ដែលបានបណ្តាលឲ្យមនុស្ស ១.២០០ នាក់ ស្លាប់។
លោកបានបញ្ជាក់ថា៖«ក្រុមហាម៉ាស បានឈប់ដំណើរការ ជាអង្គការយោធា នៅក្នុងផ្នែកភាគច្រើននៃតំបន់ហ្កាហ្សាស្ទ្រីប។ មេបញ្ជាការរបស់ខ្លួន កំពុងលាក់ខ្លួននៅក្នុងផ្លូវរូងក្រោមដី ក្រុមនេះ បានបាត់បង់សមត្ថភាពបញ្ជា និងការគ្រប់គ្រងរបស់ខ្លួន ក្របខ័ណ្ឌកងវរសេនាតូចនៅក្នុងតំបន់ភាគច្រើននៃតំបន់ហ្កាហ្សាស្ទ្រីប បានឈប់ដំណើរការ ហើយព័ត៌មានដែលទទួលបានពីការសួរចម្លើយភេរវករ បញ្ជាក់អំពីអង្គការមួយ ដែលកំពុងដួលរលំ»។