
រដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Bidenជិតឯកភាពលើការអនុម័តការលក់យន្តហោះចម្បាំង F-15 ផលិតនៅសហរដ្ឋអាមេរិកចំនួន ៥០គ្រឿងក្នុងតម្លៃ ១៨ពាន់លានដុល្លារដល់អ៊ីស្រាអែល ។
កិច្ចព្រមព្រៀងនេះ ដែលជាការលក់គ្រឿងយុទ្ធោបករណ៍បរទេសទ្រង់ទ្រាយធំបំផុតរបស់សហរដ្ឋអាមេរិក ចាប់តាំងពីអ៊ីស្រាអែលធ្វើសង្រ្គាមនៅតំបន់ហ្កាហ្សា បានកើតមានឡើង ស្របពេលដែលរដ្ឋបាលលោក Biden ត្រូវបានគេរំពឹងថា នឹងជូនដំណឹងដល់សភាពីការលក់អាវុធទំនើបដល់អ៊ីស្រាអែល ។
ការលក់យន្តហោះនេះដែរ ទំនងជាត្រូវជជែកដេញដោលនៅសភា ពិសេសដោយសមាជិកគណបក្សផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតី Biden ។
ការលក់អាវុធរបស់សហរដ្ឋអាមេរិកដល់អ៊ីស្រាអែល បានស្ថិតក្រោមការពិនិត្យពិច្ច័យយ៉ាងហ្មត់ចត់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយក្រុមតំណាងរាស្រ្តគណបក្សប្រជាធិបតេយ្យ បានអំពាវនាវឲ្យមានការរឹតត្បិតជំនួយយោធាដល់អ៊ីស្រាអែល រហូតដល់ពួកគេអនុញ្ញាតឲ្យមានជំនួយមនុស្សធម៌បន្ថែមទៀតចូលទៅកាន់តំបន់ហ្កាហ្សា ហើយនិងធ្វើរឿងបន្ថែមទៀត ដើម្បីការពារជនស៊ីវិលនៅទីនោះ ៕