
អាជ្ញាធរ បានប្រកាសកាលពីថ្ងៃអង្គារថា អាជ្ញាធរគយអាល្លឺម៉ង់ បានឃាត់នាវាដឹកទំនិញដែលបានមកដល់ពីប្រទេសរុស្ស៊ី នៅឯកំពង់ផែ Rostock នៅសមុទ្របាល់ទិករបស់អាល្លឺម៉ង់ ដោយសារតែមានការសង្ស័យអំពីទំនិញក្នុងនាវានោះ។
អាជ្ញាធរអាល្លឺម៉ង់ បានបញ្ជាក់ថា នាវាដឹកទំនិញប្រវែង ១៩៣ម៉ែត្រ បានមកដល់កំពង់ផែកាលពីថ្ងៃទី៤ ខែមីនា ដើម្បីជួសជុល ដោយសារតែបញ្ហាបច្ចេកទេសជាមួយនឹងក្បាលម៉ាស៊ីន ដែលទំនងជាបណ្តាលមកពីការធ្វើដំណើរឆ្លងកាត់សមុទ្រទឹកកក។
ប៉ុន្តែមន្ត្រីគយអាល្លឺម៉ង់ បានចង្អុលបង្ហាញថា ទំនិញរបស់នាវាដូចជាទំនិញទាំងអស់ ដែលនាំចូលទៅក្នុងសហភាពអឺរ៉ុប ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពីគយ។ មន្ត្រីគយអាល្លឺម៉ង់ ក៏អះអាងដែរថា ការរឹតបន្តឹងលើពាណិជ្ជកម្មបរទេសដែលដាក់ដោយទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើរុស្ស៊ី ក៏អនុវត្តផងដែរ។
ការិយាល័យកំពង់ផែ Rostock និងបុគ្គលិកនាវាសមុទ្រ បានប្រកាសកាលពីថ្ងៃអង្គារថា៖«ដោយសារតែទំនិញត្រូវបានដាក់ទណ្ឌកម្មដោយសហភាពអឺរ៉ុបនៅលើនោះ នាវានេះ ត្រូវបានគយបញ្ជាឲ្យឃាត់ ដោយមិនឲ្យចាកចេញកំពង់ផែទេ។
មន្ត្រីគយ បាននិយាយថា ការស៊ើបអង្កេតលើនាវានេះ នៅតែបន្ត ហើយមិនបានផ្តល់ព័ត៌មានលម្អិតណាមួយអំពីទំនិញទាំងនោះឡើយ។